រាជធានីភ្នំពេញ៖ កីឡាករ កីឡាការិនីកម្ពុជា២រូប នឹងធ្វើដំណើរទៅប្រកួតក្នុងកម្មវិធីរបស់ ក្បាច់គុនចម្រុះ One Championship នៅប្រទេសពីរផ្សេងគ្នា នាដើមខែសីហាខាងមុខនេះ ដែលរួមមាន កូនស្រីអតីតអ្នកប្រដាល់ជើងចាស់ អេ ភូថង គឺកីឡាការិនី អេ យ៉ានុត និង កីឡាករ ចាន់ សំអាត រហ័សនាម ខ្លាចាស់ភ្នំដងរែក។បើតាមការឲ្យដឹងពីលោក ហ៊ុន ចាន់រាជ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ថា កីឡាការិនី អេ យ៉ានុត នឹងត្រូវចេញទៅប្រកួតកម្មវិធី World Leitwei Championship ជាមួយកីឡាការិនីបារាំង Sourdis Manfredi នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០២ សីហា។ ស្របពេលដែល ចាន់ សំអាត នឹងត្រូវស្វាគមន៍កីឡាករ Punnya Say ក្នុងកម្មវិធី One Championship នៅសិង្ហបុរី នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ។បើនិយាយពីសមត្ថភាព របស់អ្នកប្រយុទ្ធបរទេស២រូបនេះ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា កីឡាការិនីបារាំង Souris Manfredi របៀបវ៉ៃរបស់គេ ស្រដៀងគ្នាជាមួយ អេ យ៉ានុត ដែរ ដូចនេះ ជំនួបរវាងអ្នកទាំង២ នឹងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាមិនខានឡើយ។
ចំពោះកីឡាករ Punnya Say ក៏ជាកីឡាករជើងខ្លាំងម្នាក់ដែរ ដែលមកដល់ពេលនេះ មិនទាន់រកឃើញទេថា គេមានចំណុចខ្សោយ ឬខ្វះខាតកន្លែងណានៅឡើយ។ បញ្ចាក់បន្ថែមថា អត្តពលិករបស់ក្បាច់គុនចម្រុះកម្ពុជា (MMA) បានសាងស្នាដៃជូនជាតិជាច្រើននាក់ បើទោះជាទើបប្រឡូកចូលក្នុងប្រភេទកីឡានេះក៏ពិតមែន។កីឡាករ ចាន់ រតនា ជាជើងខ្លាំងមួយរូប ដែលកាន់តែធ្វើឲ្យស្ថាប័នរបស់ One Championship ចាប់អារម្មណ៍កម្ពុជាកាន់តែខ្លាំង តាមរយៈសមត្ថភាពផ្តួលដៃគូយកជ័យជំនះស្ទើររៀងរាល់ការប្រកួត។ ក្រៅពីនេះ ក៏មានកីឡាករ កីឡាការិនីជាច្រើនរូបទៀត ដែលពួកគេក៏ទទួលបានតម្លៃខ្លួនច្រើនគួសមដែរ៕