តុល្យការចុងក្រោយ ជ្រូកងាប់ចំនួន ៣៣៧ ក្បាលងាប់ដោយជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅស្រុកអូររាំងឪ, ពលរដ្ឋបន្តអំពាវនាវដល់មន្ត្រីជំនាញចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ


(ត្បូងឃ្មុំ)៖ តុល្យការចុងក្រោយនៃមហន្តរាយដោយសារតែការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងស្រុកអូររាំងឪ បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន ៣៣៧ ក្បាលបានងាប់រហូតមកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ក្នុងចំណោមជ្រូកជាង ៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តត្បូងឃ្មុំដែលទទួលបាននៅល្ងាចនេះ។ ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ខណៈរបាយការណ៍នៃជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀនដែលមានជ្រូកងាប់ចំនួន ១៨៣ ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន ៥៨ ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន ៦២ក្បាល។ ចំណែកឃុំ ៤ ទៀតរបស់ស្រុកនេះក៏មានជ្រូកងាប់ផងដែរ។

ជាថ្មីម្តងទៀត ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ នៅក្នុងនោះ ប្រជាពលរដ្ឋចំនួន ៤៦ គ្រួសារបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនានាជួដោះស្រាយបញ្ហាប្រឈមនានាដែលពលរដ្ឋកំពុងមានឱ្យបានឆាប់ រហ័ស និងបានលើកឡើងថាស្ថានភាពផ្ទុះជំងឺនេះមិនមែនមិនធ្ងន់ធ្ងរឡើយ ព្រោះបានធ្វើឱ្យជ្រូកពួកគាត់ងាប់ជាច្រើនក្បាល និងបានខាតបង់ប្រាក់យ៉ាងច្រើនរួចស្រេចទៅហើយ។

នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក្រុមការងារចុះជួយស្រុកអូររាំងឪ ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារដោយសហការជាមួយនឹង មន្ត្រីជំនាញកសិកម្ម បានចុះអប់រំប្រជាពលរដ្ឋ និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

ឯកឧត្តម អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណ: គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។ លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។ ជាមួយនេះដែរ លោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

ឆ្លើយតបចំពោះកង្វល់របស់អាជីវករចិញ្ចឹមជ្រូក លោកបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរក្នុងការចាត់វិធានបសុពេទ្យក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានាតាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជម្ងឺនេះ។ លោកបានគូសបញ្ជាក់ថា សូមឲ្យបងប្អូនអាជីវករមេត្តាយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាដើម្បីប្រយោជន៍រួម និងសូមគិតសមូហភាពជាកត្តាចំបង។