កម្ពុជាកំពុងគិតគូររៀបចំកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក


រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរកសាងនូវប្រព័ន្ធរដ្ឋភិបាលអេឡិចត្រូនិក ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកលលោក។

គ្រោងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនេះ ត្រូវបាន ឯកឧត្តម ត្រាំ អ៉ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើបទបង្ហាញឯកសារទស្សនាទាន ស្តីពី «ការកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា» ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានធ្វើបទបង្ហាញអំពីការរៀបចំការងារ ដែលពាក់ព័ន្ធនឹងការកសាងរដ្ឋាភិបាលអេឡិកត្រូនិក ដោយបានបង្ហាញនូវអភិក្រម នៃការបង្កើតរដ្ឋាភិបាលឌីជីថល និងបទពិសោធដែលប្រទេសមួយចំនួន ដែលឈានមុខគេលើវិស័យនេះ ដូចជាសាធារណរដ្ឋកូរ៉េ សិង្ហបុរី និងអេស្តូនីជាដើម បានធ្វើក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

ឯកឧត្តម ត្រាំង អ៉ីវតឹក បញ្ជាក់ថា ការកសាងរដ្ឋាភិបាលឌីជីថល ជាការងារមួយដ៏ធំដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលអេឡិកត្រូនិក ការធ្វើផែនការតាមដំណាក់កាល ការរៀបចំគម្រោងរដ្ឋាភិបាលអេឡិកត្រូនិករបស់រាជរដ្ឋាភិបាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន។

កិច្ចប្រជុំបានពិភាក្សាលើការងារជាអាទិភាពនារយៈពេលខ្លី មធ្យម និងវែង ក្នុងការរៀបចំរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភមួយ ក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ដែលជាទិន្នាការសកល និងឈានទៅដល់ Smart Nation នាថ្ងៃអនាគត។

ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការងារ និងធានានូវសង្គតភាពនៃប្រព័ន្ធរវាងក្រសួងនានា នៅពេលអនាគត អង្គប្រជុំយល់ឃើញថា គួរបង្កើតក្រុមការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រាងនូវគោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយមានការពិគ្រោះយោបល់រវាងគ្នា រវាងអន្តរក្រសួងពាក់ព័ន្ធ ក៏ដូចជាជាមួយក្រុមការងារសេដ្ឋកិច្ចឌីជីថល នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅដល់ការសម្រេចនូវគោលនយោបាយ ក៏ដូចជាផែនការមេរដ្ឋាភិបាលឌីជីថល នាឆ្នាំខាងមុខ៕