រដ្ឋាភិបាល​កកំពុង​អភិវឌ្ឍន៍​តំបន់​កោះ​ទាំង៣២​ ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​ជំរុញ​វិស័យ​ទេស​ចណ៍


ព្រះសីហនុ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងធ្វើការ​កែ​លំ​អរ​ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ដោយ​បច្ចុប្បន្ន​នេះ​ក្រៅពី​តំបន់ឆ្នេរ​សំ​ខាន់​ៗដែល​កំពុង​មាន​ភាព​ទាក់ទាញ​នោះ​ តំបន់​កោះ​ទាំង៣២​ នៅក្នុង​ខេត្ត​ទាំងមូល​ត្រូវ​បាន​ និង​កំពុង​អភិវឌ្ឍ​យ៉ាងសកម្ម​ ក្រោម​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​ក្រៅពី​តំបន់ឆ្នេរ​សំ​ខាន់​ៗ ដែល​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ ក្នុង​ការ​ទាក់ទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នោះ​ តំបន់​កោះ​នានា​សរុប​ចំនួន៣២​ នៅ​ទូទាំង​ខេត្ត​ ត្រូវ​បាន​ និង​កំពុង​មានការ​អភិវឌ្ឍ​បន្ថែម​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។

លោក​បន្ត​ទៀត​ថា​ “តំបន់​កោះ​មួយចំនួន​ក្នុងចំណោម​កោះ​ទាំង៣២​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ក្លាយជា​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នកទេសចរ​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​”។ លោក​បន្ថែម​ថា​ “បច្ចុប្បន្ន​នេះ​កោះ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ រួមមាន​ដូចជា​ កោះពស់​ កោះ​រ៉ុង​ កោះ​ឋានសួគ៌​ កោះ​ឫស្សី​ កោះក្របី​ កោះដែកគោល​ ជាដើម​”។

លោក​សុចិត្រ​គ្រឹះ​ស្នា​បាន​បន្ត​ថា​ ដោយឡែក​ចំពោះ​កោះ​មួយចំនួន​ទៀត​ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់ឆ្នេរ​ក្រុង​ ក៏​មាន​ភាព​ទាក់ទាញ​ និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ផង​ដែរ​ ប៉ុន្តែ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស​ប៉ែក​អឺរ៉ុប​។

នៅក្នុងចំណោម​កោះ​ទាំង៣២​ ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​ក្រុង​ព្រះសីហនុ​ ភាគច្រើន​គឺ​សុទ្ធតែ​មាន​ភាព​ទាក់ទាញ​ ព្រោះ​មាន​ព្រៃភ្នំ​ធម្មជាតិ​ ព្រមទាំង​ឆ្នេរខ្សាច់​យ៉ាង​ស្រស់​ស្អាត​ ដែល​កំពុងតែ​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ ដែល​ប្រគល់​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​ចំពោះ​គម្រោង​មួយចំនួន​តូច​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​យក​មកវិញ​ ដោយសារតែ​មិន​មាន​សកម្មភាព​។

នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩​ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេ​ចរ​សរុប​ចំនួន ១​,៣៤៧​,០១៣នាក់​ កើនឡើង​ប្រមាណ៣.២២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។