រដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីគ្រប់គ្រងក្រុងបូកគោជាទីក្រុងឆ្លាតវៃ ប្រវត្តិសាស្ត្រ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០១៩ កន្លងមកនេះបានឱ្យដឹងថា ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ អាចធ្វើការកែសម្រួលក្នុងរយៈពេល៥ឆ្នាំម្តង តាមសំណើចំាបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
អនុក្រឹត្យនេះឲ្យដឹងថា ការកែសម្រួលប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោមុនពេលកំណត់ អាចប្រព្រឹត្តទៅបានក្នុងករណី ដែលមានតម្រូវការចាំបាច់សម្រាប់បំរើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។ ការកែសម្រួលប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ត្រូវអនុវត្តតាមនីតិវិធិ និងលិខិបទដ្ឋានគតិយុត្តជាធរមាន។
យោងតាមការស្រាវជ្រាវរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ទីតាំងនេះជាអតិតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ១៩២៥-១៩៦២ ដ៏មានសក្តានុពល ដែលមានអាកាសធាតុត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រ ដ៏ពិសិដ្ឋ គ្មានពីរ នៃប្រទេសកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណិតកម្រិតខ្ពស់ និងមានហេដ្ឋាចរនាសម្ព័ន្ធ ជាទីក្រុងរដ្ឋបាលដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ដូចជាអគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅដ្ឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិនគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី ទំនប់ទឹកបារាំង។ល។
ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាននៃគណកម្មាការរៀបចំដី និងគរូបនីយកម្មថ្នាក់ជាតិសេនាធិការ បានផ្តួចផ្តើមសិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះមនីវង្ស (បូកគោ)នៃភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺមានផ្ទៃក្រឡាប្រមាណ២៧,៩៤៣ហិកតា ស្មើនឹង ១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមនីវង្ស (បូកគោ) ទំហំ១៥,៤៥៤២ហិកតា អនុលោមតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
ប្លង់គោលប្រើប្រាស់ដីនេះ ត្រូវបានកសាងឡើងដោយការសិក្សាច្បាស់លាស់លើកត្តាប្រវត្តិសាស្រ្ត ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយ ច្បាប់ និងថ្នាក់ជាតិ។
កាលពីពេលថ្មីៗនេះ ក្រុមការងារអន្តរក្រសួងដឹកនាំ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបននីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកសាយ សំអាល់ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន និងអភិ បាលខេត្តកំពត និងព្រះសីហនុ បាពិភាក្សាពីគម្រោងបង្កើតទីក្រុងថ្មីនេះដែលមានទីតាំងនៃការសាងសង់ទីក្រុងថ្មីមួយនាជើងភ្នំបូកគោ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីកំពូលភ្នំ៕