កូនឈើ ២០០០ដើម បានដាំស្តារឡើងវិញលើផ្ទៃដី ៦ហិកតា នៅសហគមន៍ព្រៃឡង់ ភូមិសាស្ត្រ ខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីដាំស្តារកូនឈើព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល នៃដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងវត្តមាន ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ខៀវ បូរិន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងប្រជាសហគមន៍ សិស្សានុស្សិស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស ជាច្រើនរូបចូលរួមនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការមានប្រសាសន៍ថា៖បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួនជាង៥៦កន្លែង និងរបៀងអភិរក្សជីវៈចម្រុះដែលគ្រប ដណ្តប់លើផ្ទៃដីជាង៧,៥លានហិកតា ត្រូវជា៤១%(នៃផ្ទៃដីប្រទេស) ស្ថិតក្នុងដែនយុត្ថាធិការរបស់ក្រសួង បរិស្ថាន ដែលមានអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការគ្រប់គ្រង ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងបរិស្ថានជាសេនាធិការបានកំណត់យកបញ្ហាជាអាទិភាពក្នុងការរកយន្តការដោះស្រាយលើបញ្ហាប្រឈមនានាខាងលើ ដែលដំណោះស្រាយជាបន្ទាន់គឺការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន

ឯកឧត្តម បានបន្តទៀតថា៖ក្រសួងបរិស្ថាន ដែលមាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការអនុវត្តគម្រោងជំរុញភាពធន់របស់សហគមន៍ជនបទរស់ នៅក្នុងតំបន់ការពារធម្មជាតិ ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមការឧត្ថម្ភថវិកាពីមូលនិធិបន្ស៉ាំ(UNEP Adaption Fund) ដើម្បីលើកស្ទួយជីវភាពសហគមន៍ និងការបង្កើនគម្របព្រៃតាមរយៈការដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះប្រជាសហគមន៍អាចដកហូតប្រើប្រាស់ផល អនុផលព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និងផ្តល់សេវាទេសចរណ៍ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ និងការអភិវឌ្ឍសហគមន៍របស់អោយបានកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា៖សហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល ត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាននៅដើមឆ្នាំ២០១៩ នៅលើផ្ទៃដី(២២២៦,៥៨ ហិកតា) ហើយការកូនឈើនេះជាគំនិតផ្តួចផ្តើមរបស់ គណៈកម្មការសហព័ន្ធសហគមន៍ និងប្រជាសហគមន៍ក្នុងគោលបំណងបង្កើនកិច្ចសហការរវាងសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និងបង្កើនគម្រប់ព្រៃឈើនៅក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិ។