លោក កង វង ចៅសង្កាត់ចោមចៅទី១ដឹកនាំកម្លាំងជួសជុលផ្លូវខូចមួយខ្សែរនិងស្តាប្រព័ន្ធលូរមួយចំនួនក្នុងមូលដ្ឋានសង្កាត់


ភ្នំពេញ ៖ លោក កង វង ចៅសង្កាត់ចោមចៅទី១បានដឹកនាំមន្ត្រី​សង្កាត់ មេភូមិ មេភូមិរង​ ប្រជាការពារសង្កាត់ ប្រជាការពារភូមិ សហការជាមួយ ក្រុម​ទ្បានបូមលូររបស់​សាធារណៈការ​ និងឈូសឆាយ ជួសជុលផ្លូវខូចខាតពិបាកក្នុងការធ្វើដំណើរ​ នៅភូមិទួលពង្រ​ និងបូមសំអាតប្រពន្ធ័លូរ ក្នុងភូមិ ទួលពង្រ ភូមិត្រពាំងថ្លឹងទី១ ភូមិត្រពាំងថ្លឹទី២ ភូមិត្រពាំងថ្លឹងទី៣ និង ភូមិ​គោកចំបក់ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ។

លោកចៅសង្កាត់បានបញ្ជាក់ថា ក្រោយពេលដែលលោក ហែម ដា រិទ្ធិ អភិបាល​ខណ្ឌពោធិ៍ និងលោកសាំ​ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ លោកបានពិនិត្យឃើញផ្លូវរងការខូចខាត់ប្រព័ន្ធលូរមានការកកស្ទះ ហើយមើលឃើញ បងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរហើយផ្លូវជាសសៃឈាមសេដ្ឋកិច្ចផងនោះបានឲ្យលោក កង វង ដែលជាចៅសង្កាត់ចោមចៅទី១ដោះស្រាយជួសជុលដើម្បីងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍។ លោកចៅសង្កាត់បានបញ្ជាក់ប្រាប់ថាការជួសជុលផ្លូវមួយខ្សែរ និងស្តាប្រព័ន្ធលូរមួយចំនួនក្នុងមូលដ្ឋានចំនួន៤ភូមិដែលមានកកស្ទះហើយត្រូវចំណាយថវិកាអស់ ១៣០០$ (មួយពាន់បីរយដុល្លា)។

លោក ចៅសង្កាត់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ទាំងអស់ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ សូមកុំបោះចោលចូលក្នុងមាត់លូ ដែលធ្វើឲ្យស្ទះចរន្តទឹកហូរ បង្កជាទឹកជំនន់នៅពេលមានភ្លៀងធ្លាក់ផងដែរ៕