កម្ពុជា-ម៉ូណាកូ សម្រេចបង្កើត ទំនាក់ទំនងការទូត ក្នុងកគោលបំណង ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ


ភ្នំពេញ៖ កម្ពុជា និងម៉ូណាកូ បានសម្រេចបង្កើតទំនាក់ទំនង ការទូត ក្នុងគោលបំណងជំរុញការ យោគយល់គ្នាទៅវិញទៅមក និងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ ។

យោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងបុរីក្សត្រម៉ូណាកូ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយឈរលើគោលបំណង និងគោលការណ៍នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសក្នុងគោលបំណងគោរព និងលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ សមភាពរវាងរដ្ឋ និងរដ្ឋ អធិប្បតេយ្យភាពជាតិ ឯករាជ្យភាព កិច្ចព្រមព្រៀងអន្តរជាតិ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរដ្ឋដទៃ កម្ពុជា និងម៉ូណាកូ បានសម្រេចបង្កើត ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមនេះតទៅ ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តំណាងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងតំណាងរដ្ឋាភិបាលម៉ូណាកូ លោក គ្រីសតូហ្វ ស្ទ៊ែណ៊ែរ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃបុរីក្សត្រម៉ូណាកូ ប្រចាំសាធារណរដ្ឋបារាំង ។

សូមរំលឹកថា បច្ចុប្បន្នកម្ពុជា មានទំនាក់ទំនងការទូត ជាមួយប្រទេសជាមិត្តចំនួន ១៧២ប្រទេស និងមានស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសសរុបកចំនួន៦០ ។