ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី ស្ថិរភាពរូបិយវត្ថុ


នាថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំធំ អគារសែនសុខ ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី “ស្ថិរភាពរូបិយវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមចំនួន ៤២៣នាក់។ សិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលផ្ទៃក្នុងដល់មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ឱ្យទទួលបានការចែករំលែកបទពិសោធន៍និងចំណេះដឹងទាក់ទងនឹងមុខងារ-តួនាទីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងរូបិយវត្ថុ ព្រមទាំងចំណេះដឹងអំពីប្រវត្តិនៃប្រព័ន្ធរូបិយវត្ថុកម្ពុជា ប្រវត្តិប្រព័ន្ធធនាគារ និងការរីកចម្រើននិងប្រវត្តិសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក សម្រាប់ជាមូលដ្ឋានអនុវត្តការងារប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តម ទេសាភិបាល បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើបទឧទ្ទេសនាមស្តីពី “ស្ថិរភាពរូបិយវត្ថុ” ទាក់ទងនឹង ១/- សេចក្តីផ្តើមអំពីស្ថិរភាពរូបិយវត្ថុ ២/- ទស្សនៈលើស្ថិរភាពរូបិយវត្ថុ ៣/- ប្រវត្តិរូបិយវត្ថុនិងប្រព័ន្ធធនាគារកម្ពុជា ៤/- ការរក្សាស្ថិរភាពរូបិយវត្ថុកម្ពុជា និង៥/- សេចក្តីសន្និដ្ឋានជារួម។ ទន្ទឹមនេះ សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សាលើប្រធានបទ ស្តីពី “តួនាទីធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពរូបិយវត្ថុ” ផងដែរ។