ខេត្តត្បូងឃ្មុំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញវិធានការក្តៅ៤ចំនុច ដាច់ខាតគឺកុំពាក់ព័ន្ធ កុំនៅពីក្រោយ ធ្វើជាបង្អែក កុំ បន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមានដាក់ទោសដល់មន្ត្រីណា ដែលប្រព្រិត្តបទល្មើសគ្រឿងញៀន នឹងចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន ហើយខេត្តត្បូងឃ្មុំ នឹងបង្កើតមណ្ឌលកែប្រែក្នុងពេលខាងមុខ ប្រយោជន៍ដើម្បីជួយបន្សាបដល់ជនរងគ្រោះដោយសារធាតុគ្រឿងញៀន ហើយឈានក្លាយជាពលរដ្ឋល្អក្នុងសង្គមរបស់យើង ។

ឯកឧត្តមបណ្ឌិត ថ្លែងបែបនេះ ក្នុងឳកាសលោក និងអភិបាល រងខេត្ត ព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងសួង សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោហ៊ុនសែនសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តថ្លែង សង្កត់ធ្ងន់ថា សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតឹងរឹងបំផុតចៀសវាងឱ្យបានជាដាច់ខាត នូវ កុំ ៤ ៖ គឺ កុំ ពាក់ព័ន្ធ ,កុំ នៅ ពីក្រោយ ធ្វើជាបង្អែក ,កុំ បន្ធូរបន្ថយ និង កុំ អន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន។ ពិសេសបង្ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបងល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងទៅកាន់ក្មួយៗសិស្សានុសិស្សថា ពិតជានឹងក្លាយជាយុវជនគំរូនិងជាជនបង្គោលដ៏សំខាន់នៅក្នុងដំណើរការអនុវត្តយុទ្ធនាការប្រយុទ្អប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឲ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនមិត្តភក្តិ និងគ្រួសារឲ្យចៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ។

បើតាមរបាយការណ៍ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងលោក ឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការខេត្តបានបញ្ជាក់ឲ្យដឹងថា យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលបានបង្ហាញថា បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានអ្នកកំពុងប្រើគ្រឿងញៀន សរុបប្រមាណ ៨៩៦នាក់ ពិសេសនៅក្នុងសហគមន៍ខ្មែរឥស្លាម ចំនួននេះគួរឲ្យព្រួយបារម្មណ៍ បើធៀបនិងចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានស្ម័គ្រចិត្តចូលមកទទួលសេវ៉ាព្យាបាលបឋម នៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប្រមាណគឺស្មើនឹង២,១២%ប៉ុណ្ណោះ, ធៀបនឹងចំនួនប្រើប្រាស់គ្រឿងញៀន ដែលទទួលសេវាព្យាបាល នៅតាមប្រព័ន្ធមណ្ឌលសុខភាពនានា ចំនួនត្រឹមតែ ១៩នាក់ ៕