ឯកឧត្តម អ៊ាង សុផល្លែត៖ដើមឈើមួយដើម ជួយជីវិតសត្វលោកបានមួយ


«ដើមឈើមួយដើម ជួយជីវិតសត្វលោកបានមួយ» ។ នេះជាការលើកឡើង របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងពេលអញ្ជើញប្រគេន និងដាំកូនឈើ នៅក្នុងបរិវេណវត្តទួលសូភី ស្ថិតក្នុងភូមិទួលសូភី ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បួងឃ្មុំ នារសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តម អ៊ាងសុផល្លែត បានបញ្ជាក់បន្ថែមថា ការៀបចំដាំដើមឈើនាពេលនេះ គឺជាចូលរួមចំណែកក្នុងការទប់ស្កាត់ ការពារនូវគ្រោះមហន្តរាយនានា និងចូលរួមបង្កើនគម្របព្រៃឈើបៃតងឡើងវិញ។

ជាមួយគ្នានេះ ការដាំដើមឈើ បានឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី ចូលរួមក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្តផងដែរដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចាប់ផ្ដើមដោយមិនបង្អែរបង្អង់ នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រងសម្រាប់សង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញប្រគេន ព្រះសង្ឃនិងដាំកូនឈើបង្គ្រប់ ចំនួន១.០៧០ដើម នៅក្នុងបរិវេណវត្តទួលសូភី ជាមួយ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ នឹងសិស្សានុសិស្ស ស្ថិតក្នុងភូមិទួលសូភី ឃុំទួលសូភីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំជាច្រើននាក់។ បន្ទាប់មកទៀត ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញទស្សនាអនុវិទ្យាល័យ ហ៊ុន សែន ទួលសូភី និងបានលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលាបន្តពង្រឹងការអនុវត្តគោលការណ៍សាលាមេត្រីបរិស្ថាននៅកម្ពុជា ដែលកន្លងមកសាលាបានទទួលបានការវាយតម្លៃល្អពីគណៈកម្មការអន្តរក្រសួងលើការអនុវត្តគោលការណ៍នេះតាំងពីឆ្នាំ២០១៧កន្លងមក ដែលធ្វើឱ្យសាលាមានសោភណភាព បៃតង និងមានការផ្សាភ្ជាប់គោលការណ៍បរិស្ថាន និងបំណិតជីវិតរបស់សិស្សពីសាលានិងទៅសហគមន៍។