សម្តេចប្រធានរដ្ឋសភាសំណូមពរឯកអគ្គរាជទូតជប៉ុនថ្មីជួយជំរុញ អ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត


ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាង កក់ក្តៅចំពោះបេសកកម្ម ការទូតរបស់ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី នៅកម្ពុជា។
សម្តេចមានសុទិដ្ឋិនិយមថា ក្នុងនាមឯកឧត្តមជាអ្នកការទូតនឹងខិតខំជំរុញ ទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ ដែលមាន ស្រាប់ឱ្យរឹតតែរឹងមាំឡើងថែមទៀត។
ជាមួយគ្នានេះសម្តេចបានសំណូមពរដល់ឯកឧត្តម ឯកអគ្គរាជទូតជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្តេចចក្រីប្រធានរដ្ឋសភាបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងសវនាការ ជាមួយឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី (Hidehisa HORINOUCHI) ឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
សម្តេចចក្រីបន្តថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មីប្រទេសជប៉ុនប្រចំានៅកម្ពុជា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុននឹងកាន់តែល្អថែមទៀត។
ក្នុងនាមរដ្ឋសភា និងប្រជាពលរដ្ឋកម្ពុជា សម្តេចបានថ្លែង អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគំាទ្រដល់ការ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជារហូតមក។
រដ្ឋសភាកម្ពុជាសូមគំាទ្រដល់ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យ ដែលបច្ចុប្បន្ន ធ្វើឱ្យអ្នកវិនិយោគជប៉ុនបានមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ដែលជាផ្នែកមួយ យ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជានិងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ។
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី បានសម្តែងក្តីរីករាយ នៅពេលដែលឃើញវប្បធម៌សន្ទនានៅក្នុង រដ្ឋសភាបានកំពុងដំណើរទៅមុខ។
ឯកឧត្តមបានបន្តថា នៅពេលខាង មុខនេះ សមាជិករដ្ឋសភាចំនួនពីររូបនៃគណបក្សទំាងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរួមគ្នា ដែលនេះជាសញ្ញាល្អណាស់ សម្រាប់ការងារនៅក្នុងរដ្ឋសភា។