ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងកម្មវិធីការងារឆ្នាំ២០២០


កិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងរ៉ែនិងថាមពលដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ​ ត្រូវបានបិទបញ្ចប់ជាស្ថាពរនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម​ ស៊ុយ សែម​ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

ថ្លែងក្នុងសុន្ទរកថាបិទ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការក្រសួង​រ៉ែនិងថាមពលគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តកំណែទម្រង់ផ្ទៃក្នុង និងអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើទិសដៅនិងវិធានការសំខាន់ៗដែលត្រូវបន្តអនុវត្តក្នុង​​​ “អាណត្តិប្រមូលផល” របស់ក្រសួងរ៉ែនិងថាមពល រួមមាន៖
១. បន្តការពង្រឹងនិងបង្កើនសមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្រ្តីរាជការគ្រប់ជាន់ថ្នាក់
២. បន្តយកចិត្តទុកដាក់លើការងារវិមជ្ឈការនិងវិសហមជ្ឈការ និងពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិដើម្បីប្រមូលកម្លាំងសរុបក្នុងការគ្រប់គ្រងវិស័យរ៉ែនិងថាមពល ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល
៣. បន្តខិតខំបង្កើនលទ្ធភាពកៀរគរចំណូលមិនមែនសារពើពន្ធ
៤. បន្តពង្រឹងប្រសិទ្ធភាពក្នុងការលុបបំបាត់សកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់ប្រភេទ និង
៥. បន្តខិតខំនិងពង្រីកបន្ថែម​នូវ​លទ្ធភាពឆ្លើយតប​បណ្តឹងតវ៉ាពាក់ព័ន្ធនឹងវិស័យរ៉ែនិងថាមពល​ និងការយកចិត្តទុកដាក់ក្នុងការបង្កើនប្រសិទ្ធភាពការងារសាធារណៈ។