លោកជំទាវ បាន ស្រីមុំ លើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ឲ្យខិតខំប្រឹងសិក្សាប្រឹងប្រែងសិក្សារៀនសូត្រ ផ្អាកការដើរកំសាន្ត ឬលេងទូរសព្ទ ហើយងាកមកអានសៀវភៅរំលឹកមេរៀន អនុវត្តលំហាត់ ដែលលោកគ្រូអ្នកគ្រូបានបង្ហាត់បង្រៀន ឡើងវិញ


នៅព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០១៩នេះ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញចុះពិនិត្យការបង្រៀន និងរៀនរបស់សិស្សានុសិស្សដែលរៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះលោកជំទាវ បានមានប្រសាសន៍លើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ដែលមានជាអាទិ៍: កូនក្មួយទាំងអស់ត្រូវមានមោទនភាពលើខ្លួនឯង ក្នុងការប្តេជ្ញាយកជោគជ័យឲ្យទាល់តែបាន សម្រាប់ការប្រឡងនាពេលខាងមុខ ព្រោះជាកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិទាំងមូលផងដែរ។ ដោយជោគជ័យរបស់កូនក្មួយ គឺជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ ហើយក៏ជាស្នាមញញឹមរបស់លោកគ្រូ អ្នកគ្រូគ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងការបង្ហាត់បង្រៀនជាបន្តបន្ទាប់។

កូនក្មួយត្រូវខិតខំរៀនសូត្រ ខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់ដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ផ្អាកការដើរកំសាន្ត ឬលេងទូរស័ព្ទ ដោយងាកមកអានសៀវភៅ រំលឹកមេរៀន អនុវត្តសារឡើងវិញលំហាត់មេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្រៀន។

លោកជំទាវ ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឲ្យបានប្រលងជាប់គ្រប់ៗគ្នា ដើម្បីក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិ ពិសេសសម្រាប់ខេត្តប៉ៃលិន នាពេលអនាគតផងដែរ។