ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលដំណើរទស្សនកិច្ចរបស់មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យកន្តុលជ្រុំ ខេត្តតាកែវ


នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលដំណើរទស្សនកិច្ចរបស់មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យកន្តុលជ្រុំ ស្រុកបូរីជលសារ ខេត្តតាកែវ សរុបចំនួន៥៦នាក់ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ មានការទស្សនាខ្សែវីដេអូ អំពីព្រឹទ្ធសភា មតិសំណេះសំណាលរបស់ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ពីលោក ណុប គុជ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា។

បន្ទាប់មក មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា និងសាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ព្រមទាំងអគារនានាក្នុងបរិវេណព្រឹទ្ធសភា៕