សម្តេច សាយ ឈុំ អញ្ជើញដឹកនាំសម័យប្រជុំ លើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០ នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកា សមាជិកព្រឹទ្ធសភា វត្តមានចំនួន ៤៦រូប ។
សម័យប្រជុំ បានដំណើរការតាមរបៀបវារៈតែមួយគត់គឺ៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ។
តំណាងរាជរដ្ឋាភិបាល ដែលបានអញ្ជើញមកបំភ្លឺលើសេចក្តីព្រាងច្បាប់ខាងលើ ដឹកនាំដោយឯឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញចំនួន ៣៣រូប។
បន្ទាប់ពីបានស្តាប់ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម រាយការណ៍ ពីលទ្ធផលនៃការ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ហើយអាស្រ័យដោយអង្គប្រជុំ មិនមានយោបល់ពិភាក្សាបន្ថែមនោះ អង្គប្រជុំព្រឹទ្ធសភា ក៏បានអនុម័ត ( ៤៥ សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ) យល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ លើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ ៕