រដ្ឋបាលក្រុងភ្នំពេញ ត្រៀមរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត សមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ចុងឆ្នាំ២០១៩


ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ គណៈកម្មការរៀបចំ មហាសន្និបាត សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត សមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារំាង នៅចុងឆ្នាំ២០១៩ខាងមុខនេះ ដោយផ្តោតសំខាន់ លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរាជធានីភ្នំពេញ បានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំ មហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលនឹងមានសមាជិក ចូលរួមជាង ១០០ទីក្រុង ដើម្បីជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការរៀបចំមហាសន្និបាតនេះ គឺជាមោទនភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលមានលទ្ធភាព ទទួលស្វាគមន៍គណៈប្រតិភូរជាច្រើនប្រទេស មកប្រជុំនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយបានបង្ហាញ ពីកក្តាសុខសន្តិភាពពេញបរិបូរណ៍ ទៅដល់អន្តរជាតិផងដែរ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា “កិច្ចការងារនេះ យើងបានរៀបចំសុំការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូន ទៅក្រសួងពាក់ព័ន្ធ គណៈរដ្ឋមន្រ្តី ព្រមទំាងខេត្តចំនួន៣ទៀត មានខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុង និយាយភាសាបារំាងដែរ ចឹងកិច្ចការងារនេះ យើងបានរៀបចំបានច្រើន ហើយកិច្ចការចម្បងរបស់យើង គឺការទទួលភ្ញៀវ មកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដែលយើងត្រូវធ្វើរៀបចំបដិសណ្ឋារកិច្ច” ។

ក្នុងនោះដែរ លោក នួន ផារ័ត អភិបាលរង រាជធានីភ្នំពេញ បានឲ្យដឹងថា សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាង ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់ លើប្រធាន បទខួប៤០ឆ្នាំ នៃការបង្កើត សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង និងខួប ៤០ឆ្នាំ នៃការរំដោះរាជធានីភ្នំពេញ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។

លោក បានបញ្ជាក់ថា តាមរយៈនៃការកំណត់ យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វី ដែលជាភាពអច្ឆរិយៈ របស់រាជធានីភ្នំពេញ ដែលចាប់ផ្តើមពីទីក្រុងខ្មោច ហើយក្លាយទៅជាទីក្រុង ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាទីក្រុងនាំមុខ នៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃតែមួយគត់ នៅក្នុងសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃ២ផ្សេងទៀត ទៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប៕