អភិបាលខេត្តពោធិ៍សាត់ បានចុះសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ដោយជោគជ័យ ជូនលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានចុះសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ដោយជោគជ័យ ជូនលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ រស់នៅភូមិកំពង់ក្រសាំងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដែលមានក្លិនមិនល្អចេញពីកសិដ្ឋានចិញ្ចឹមសត្វទា និងជ្រូក របស់លោកស្រី កែ ចាន់រ៉ា ដែលបណ្តាលឲ្យរងផលប៉ះពាល់ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃដល់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានសារុង១ និងបានផ្តាំផ្ញើឲ្យលោកគ្រូអ្នកគ្រូ ជាពិសេសលោកនាយកសាលាបឋមសិក្សា ហ៊ុន សែន អ៊ុមអៀប សូមធ្វើការអំពាវ គៀងគររងថវិកា ដើម្បីចាក់បំពេញដីទីធ្លាសាលា ក្នុងនោះឯកឧត្តមក៏មានការចូលរួមចំណែកលើការចាក់ដីបំពេញផងដែរ។

បន្ទាប់ពីបញ្ចប់ការសម្របសម្រួលរួចមក ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនាស្ពានថ្មឆ្លងកាត់ស្ទឹងមួយកន្លែង តភ្ជាប់ពីភូមិបឹងក្រាញ់ ឃុំស្វាយលួង មកភូមិកណ្តៀង ឃុំកណ្តៀង ត្រូវចំណាយថវិកាជាង៨០លានរៀល ដែលថវិកាទាំងអស់នោះ បានមកតាមរយៈការរៀបចំបុណ្យផ្កាសាមគ្គី របស់រដ្ឋបាលស្រុកកណ្តៀង ក្រុមការងារចុះជួយស្រុក ឃុំ និងប្រជាពលរដ្ឋនៅទីនោះ៕