សមាគម យុវជនកំណែទម្រង់រដ្ឋបានចេញសេចក្តីថ្លែងការណ៍គាំទ្រ និងសាទរការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលដែលជាឧត្តមប្រយោជន៍រ បស់ប្រជាជនពិតប្រាកដ


លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីគាំទ្រ និងសាទរចំពោះ ការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល កន្លងមក ដើម្បីជាឧត្តមប្រយោជន៍ របស់ប្រជាជន កម្ពុជា។ ការសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលបានធ្វើឡើងបន្ទាប់ពី សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ មានខ្លឹមសារថា សមាគមយុវជនកំណែទម្រង់រដ្ឋ តាងនាមប្រជាពលរដ្ឋ និងយុវជនខ្មែរ ទាំងអស់សូមសម្តែងការដឹងគុណ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមិនត្រឹមតែបាន ជួយរំដោះជីវិតប្រជាពលរដ្ឋពីរបបវាលពិឃាតខ្មែរក្រហមប៉ុណ្ណោះទេ លោកថែមទាំងបាននិងកំពុងដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ ស្មើមុខស្មើមាត់ជាមួយប្រទេសជាច្រើនក្នុងតំបន់ក៏ដូច ជាសកលលោកទាំងមូល។
យោងតាមលោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ក៏បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ បាន និងកំពុងសាទរនូវសមិទ្ធផលថ្មីៗជាច្រើនឥតគណនា ដែលអ្វីទាំងនេះ សម្តែងយ៉ាងច្បាស់ពីទឹកចិត្ត ស្រឡាញ់ និងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលជាក់ស្តែងក្នុងពេលថ្មីៗនេះ បានធ្វើការសម្រេចចិត្តជាច្រើនដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រជាជន និងជាតិមាតុភូមិ។
លោក ប៉ុល សីហា បានបន្ថែមទៀតថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលថ្មីៗនេះមាន ដូចជា សម្រេចមិនតម្រូវឱ្យប្រជាពលរដ្ឋ ធ្វើប័ណ្ណបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីន 125cc ចុះក្រោម, លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឪពុក ម្តាយ បង្កើតនិងកូន បង្កើត រវាងប្តីប្រពន្ធ និងរវាងយាយ តា ចៅបង្កើត, សម្រេចបញ្ឈប់ការយកប្រាក់ប្រជាពលរដ្ឋដែលប្រើ ប្រាស់រថយន្តឆ្លងកាត់កំណាត់ផ្លូវវេងស្រេង និងផ្លូវ ២០០៤ (ផ្លូវសឡា), សម្រេចលុបចោលនូវកិច្ចព្រម ព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនអេហ្សិតឌីស្រ្ទីប្យុហ្សិនស្តីពីការយកកម្រៃថែទាំ និងជួស ជុលផ្លូវជាតិលេខ៤ដែលមានន័យថាប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់រថយន្តឆ្លងកាត់ផ្លូវជាតិលេខ៤ មិនបាច់បង់ប្រាក់ដូចមុនទៀតនោះទេ, និងសម្រេចថាចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញអគ្គីសនីរដ្ឋ ក្នុងបរិមាណពី៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។
លោក ប៉ុល សីហា ក៏បានបន្ថែមទៀតថា កំណែទម្រង់ស៊ីជម្រៅ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំបញ្ហា របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិតជាធ្វើឱ្យកូនខ្មែរបំភ្លេចមិនបាន ហើយយកធ្វើជាគំរូជារៀងនិរន្ត។ លោក បានបន្ថែមថា សមាគមយុវជនកំណែទម្រង់រដ្ឋ សូមបួងសួងនិងសូមជូនពរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
Press release 15-01-2016