ទៀនព្រះវស្សា បច្ច័យទេយ្យវត្ថុ និង គ្រឿងបរិក្ខារ ត្រូវបាន យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តមេត្តាករុណា


ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីរាជការជុំវិញខេត្ត ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមូលមតិគ្នាជាឯកច្ឆន្ទបាននាំយកបរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀនព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅក្នុងវត្ត មេត្តាករុណា សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្រី យូ សុភា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ លោកស្រីបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តសៀមរាបនេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា ។

លោកស្រីក៏បានលើកឡើងថា កាលពី៤០ឆ្នាំមុន វិស័យព្រះពុទ្ធសាសនា ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ បានបំបាត់ចោលទាំងស្រុង រាល់ហេដ្ឋារចនាសម្ព័ន្ធសង្គមលើសិទ្ធសេរីភាពខាងជំនឿសាសនា ក្រោយជ័យជំនះ ថ្ងៃ ៧មករា ១៩៧៩ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេ ជោ ហ៊ុន សែន ដែលជាវរៈកុលបុត្រដ៏ឆ្នើម បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ លោកស្រីបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និង ជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រទៀតផង ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពុទ្ធបរិស័ទរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និង ចូលរួមថែរក្សាបរិស្ថាន អនាម័យទៀតផង ។
ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ចនមស្សការ ថ្វាយ បង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនវស្សា និងគ្រឿងបរិក្ខារ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅរដូវចាំព្រះវស្សានេះតាមតម្រូវការ ។

សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃ នូវទៀនវស្សា ០១គូ អង្ករ ១០០គក្រ ,ទឹកសុទ្ធ ៥កេស ,ទឹកក្រូច ៥កេស , ស្កសរ ១០គីឡូក្រាម , មី ១០កេស , ទឹកត្រី ៥យូរ , ទឹកស៊ីអ៊ីវ ០៥យូរ ប្រេងឆា ០៥យូរ , ទឹកដោះគោ ១កេស និងបច្ច័យ ១លាន៦សែនរៀលសម្រាប់ប្រើប្រាស់ក្នុងវត្ត ។ ចំពោះព្រះសង្ឃមួយអង្គប្រគេននូវស្លាដក់ ១ឈុត នឹងបច្ច័យចៅអធិការវត្ត ២០ម៉ឺនរៀល គ្រូសូត្រឆ្វេងស្តាំ ១អង្គ ១០ម៉ឺនរៀល និង ភិក្ខុសង្ឃ មួយអង្គ ៨ម៉ឺនរៀលផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានជូននូវបច្ច័យដល់សីលវ័ន្ត សីលវន្តី ម្នាក់ៗនូវបច្ច័យ ១ម៉ឺនរៀលផងដែរ ៕