លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជម្រុញឱ្យស្ត្រីជាមន្ត្រីរាជការបន្តចលនាចូលរួមបំរើសង្គមជាតិ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋាន


ភ្នំពេញ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានជំរុញឲ្យស្ត្រីជា​មន្ត្រីរាជ​ការគ្រប់​លំដាប់ថ្នាក់ ពិសេសរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីថ្នាក់មូលដ្ឋានសង្កាត់ ខណ្ឌ ត្រូវតែបន្តចលនាចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងកិច្ចការងារបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់​តែមានប្រសិទ្ធិភាពខ្ពស់ ស្របតាមចង់បានរបស់ពួកគាត់។
ការថ្លែងខាងលើនេះ ខណៈពេលលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចុះជួបសំណេះសំណាល ជាមួយស្ត្រីដែលជាមន្ត្រីរាជការ ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល សមាគមនារី ក្រុមចលនា ស្ត្រីរាជធានី មន្ទីរ ខណ្ឌ សង្កាត់ និងផ្សារ ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ សមាជិក ក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជារាជធានីភ្នំពេញ ។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់​ព័ន្ធនៅ​ទូទាំង​​រាជធានី និងក្នុងមូលដ្ឋានគ្រប់សង្កាត់ខណ្ឌ ដែលបានរួមចំណែកជួយក្នុងការងារអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់​ឲ្យអនុវត្ត រួមមាន៖ បញ្ហាសុខ សន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍ តាមមូលដ្ឋាន រួមទាំងភាពសុខសាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមាន ភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើ ការដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាពនៅទូទាំងរាជធានីភ្នំពេញតែម្ដង។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្តទៀតថា ដើម្បីឲ្យកិច្ចការបំរើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព នោះគឺអាជ្ញាធររជធានី និងគ្រប់ថ្នាក់មូលដ្ឋានត្រូវនៅកៀកកិតស្និតស្នាល ជាមួយគាត់ដោយ​បន្តធ្វើឲ្យ​បានទូលំទូលាយនិងប្រសិទ្ធិភាព ការងារធ្វើឲ្យបានស៊ីជម្រៅ ហើយពលរដ្ឋចង់បាន ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាម​អនុសាសន៍របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាន ទំនុក ចិត្ត និងការទទួលបាននូវសុខ សុវត្ថិភាព ក្នុងការរស់នៅទូទាំងប្រទេស។