សម្តេចតេជោ ហ៊ុន សែន ចូលរួមគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ និងយុទ្ធជនពលីនៅទីក្រុងហាណូយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក ហូ ជីមិញ និងបំពាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍។ ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ និងយុទ្ធជនពលីនៅទីក្រុងហាណូយផងដែរ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចេញទៅបំពេញ ទស្សនកិច្ចនៅវៀតណាមរយៈពេល ២ថ្ងៃ ពោលគឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្នុងដំណើរទស្សនកិច្ចនេះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងចំនួន៣ នឹងត្រូវចុះហត្ថលេខារវាងកម្ពុជា និង វៀតណាម។សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនោះរួមមាន៖ សន្ធិសញ្ញាស្តីពី​ការផ្ទេរអ្នកទោស, សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ព្រហ្មទណ្ឌ និងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ សាសនា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម។
ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ សំណាលការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម ហើយក៏នឹង ជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និង លោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម។     សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏នឹងទទួលជួបសម្តែងការគួរសមពីសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំក្រុងហូជីមិញ និងអតីតយុទ្ធជនវៀតណាមផងដែរ។