សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គំាទ្រកិច្ចសហប្រតិបត្តិការទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ


ក្នុងឱកាសទទួលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាជាមួយលោកជំទាវ ង្វៀន ធី ឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើរ និងគំាទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតរមួត ក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ទៅវិញទៅមក រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្រោមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ”។

លោកជំទាវ ង្វៀន ធី ឡិ បានស្នើសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា គំាទ្រកិច្ចសហប្រតិបត្តិការទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និងបានបញ្ចាក់ថាទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា ក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ ព្រមទាំងបានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រ ការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។

ម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាព ជឿនលឿនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទីក្រុងមួយនេះក្លាយជាទីក្រុងគុជមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕