នារីក្រសួងបរិស្ថាន ទទួលការបណ្តុះបណ្តាលលើសិល្បះនៃការប្រាស្រ័យទាក់ទង


«សិល្បៈនៃការប្រាស្រ័យ ទាក់ទង» ជាប្រធានបទនៃសិក្ខាសាលា សម្រាប់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន រៀបចំឡើង នាទីស្តីការក្រសួងបរិស្ថាន៖នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។ វេទិកានេះបានប្រព្រឹត្តទៅដោយមានថ្នាក់ដឹកនាំមកពីក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន រួមទាំងមានការចូលរួមពីមន្រ្តីរាជការជានារីនៃក្រសួងបរិស្ថាន និងមកពីបណ្តាមន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្ត ជាច្រើននាក់ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការជាស្រ្តីក្នុងវិស័យបរិស្ថាន លើសិល្បៈនៃការប្រស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងការអនុវត្តការងារប្រកបដោយឥទ្ធិពល។

លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់លើកកម្ពស់ចំណេះដឹងថ្នាក់ដឹកនាំជានារី ក្នុងការធ្វើសេចក្តីសម្រេច ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងបង្ហាញពីភាពអង់អាចដល់ស្រ្តី ការពង្រឹងសមត្ថ ភាពដល់ស្រ្តីជាអ្នកដឹកនាំ យ៉ាងណាមិញ សិល្បះនៃការប្រស្រ័យទាក់ទងគឺមានសារៈ សំខាន់សម្រាប់ ស្រ្តីក្នុងការចូលររួមទាំងកិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គមសង្គមកិច្ច និងសង្គម។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ស្រ្តីដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសស្រ្តី និងជាអ្នកដឹកនាំ ហើយតាមរយៈសិក្ខាសាលានេះ ដើម្បីលើកកម្ពស់សមត្ថភាព និងតម្លៃពីការចូលរួមរបស់ស្រ្តីនៅក្នុងស្ថាប័ន ក៏ដូចជាក្នុងសង្គមជាតិទាំង មូល ក្នុងការបង្កើនសមធម៌ និងបង្កើនសមភាពការទទួលស្គាល់រវាងស្រ្តី និងបុរសគ្រប់ទិដ្ឋ ភាពទាំងអស់ ព្រមទាំងសិទ្ធក្នុងការចូលរួមចំណែកស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា នេះជាលើកទី២ ដែលគណៈកម្មការសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហការជាមួយក្រសួងកិច្ចការនារី បានរៀបចំការបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការជាស្រ្តី ក្នុងក្រសួងបរិស្ថាន ដើម្បីដើម្បីពង្រឹងសមត្ថភាពបន្ថែមលើភាពជាអ្នកដឹកនាំ ដើម្បីយកទៅអនុវត្តការងារផ្ទាល់ខ្លួន ការងារក្នុងស្ថាប័ន និងការងារសង្គមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕