ឯកឧត្តម ពេជ សោភ័ន ផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ ស្តីពីសភាពការណ៍ការងារ របស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៦ នៅស្រុកព្រៃកប្បាស


តាកែវ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រៃកប្បាស ខេត្តតាកែវ បានពន្យល់ដល់ប្រជាពលរដ្ឋ អំពីការបោះឆ្នោតឃុំ-សង្កាត់។ ឯកឧត្តមថាបើប្រជាពលរដ្ឋ ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខុសនោះ ប្រជាពលរដ្ឋ នឹងជួបបញ្ហាមិនខាន។
ឯកឧត្តម ពេជ សោភ័ន បានលើកឡើងបែបនេះ នៅក្នុងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ ស្តីពីសភាពការណ៍ការងារ របស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៦ និងទិសដៅសម្រាប់អនុវត្តន៍ឆ្នាំ២០១៧-២០២២ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីម្សិលមិញ។
ឯកឧត្តម ពេជ សោភ័ន បានលើកឡើងថា ការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៤ គឺជាការងារមួយដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការជ្រើសរើសយកតំណាងដែលខ្លួនពេញចិត្ត គឺការជ្រើសរើសដោយខ្លួនឯង និងបោះឆ្នោតដោយខ្លួនឯង ដើម្បីបម្រើការផ្តល់សេវា និងអភិវឌ្ឍន៍នៅក្នុង មូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន។
ឯកឧត្តម បានលើកឡើងបន្តទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតដោយសេរី គ្មានអ្នកណាចាប់បង្ខំ ឬជំរុញការបោះឆ្នោតឲ្យបុគ្គលណាមួយនោះឡើយ គឺប្រជាពលរដ្ឋមានសិទ្ធជ្រើសរើសយកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីជំរុញបម្រើសេវានៅក្នុងមូលដ្ឋានដោយខ្លួនឯង និងការសម្លឹងមើល អំពីជំហានរីកចម្រើននៃការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ព្រោះប្រសិនមានការជ្រើសរើសខុស នឹងមិនគិតគូរដល់ការអភិវឌ្ឍនោះទេ ប្រជាពលរដ្ឋនឹងជួបនូវបញ្ហាជាមិនខាន។
ឯកឧត្តម បន្តទៀតថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺចង់ឱ្យប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ ដោយរស់នៅយ៉ាងសុខដុមរមនា តាមរយៈការកាត់បន្ថយភាពក្រីក្រ។ នៅឆ្នាំ២០១៦នេះ កម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសមានប្រាក់ចំណូលកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាប និងសម្រចឲ្យបាននូវគោលដៅជាតិ ដែលមានបំណងប្រែក្លាយ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០។