ក្រសួងសុខាភិបាល នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល​អាស៊ាន​​លើកទី១៤ នៅចុងខែសីហានេះ


ក្រសួងសុខាភិបាល នឹងធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិ​បាល​​អាស៊ាន​​លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងមន្រ្តីសុខាភិបាលអាស៊ានបូកបី ចិន ជប៉ុន និង កូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្ត​សៀមរាប។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំលើកទី២​ ដើម្បីពិភាក្សា និងពិនិត្យមើលវឌ្ឍន​ភាព​ការងារ​ត្រៀមរៀបចំ “កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ច​ប្រជុំពាក់​ព័ន្ធ” ​ នៅទីស្តី​ការក្រសួងសុខាភិបាល កាលពីថ្ងៃអង្គារ ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដែលដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និងមានការចូលរួមពីប្រធាន អនុ​ប្រធាន និង​សមាជិក សមាជិកា អនុគណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល អាស៊ាន​លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់​ក្រសួង​សុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមការគ្រោងទុក ក្រសួង​សុខា​ភិ​បាលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងតួនាទីជាប្រធានប្តូរវេនរដ្ឋមន្ត្រីសុខា​ភិ​បាល​អាស៊ាន រយៈពេល២ឆ្នាំ(២០១៨-២០២០) នឹងធ្វើ​ជា​ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវបានបន្ដថា កិច្ចប្រជុំនេះ ​ ក៏មានការចូលរួម​ពីរដ្ឋ​មន្រ្តីសុខាភិបាលអាស៊ាន ឧត្តមមន្រ្តីសុខាភិបាលអាស៊ាន និងគណៈ​ប្រតិភូនៃ​ប្រទេសអាស៊ាន​ទាំង១០ អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន​ផ្នែក​សុខាភិបាល ព្រមទាំង​រដ្ឋមន្រ្តីសុខាភិបាល និងឧត្តមមន្រ្តីសុខាភិបាលអាស៊ានបូកបី (ចិន ជប៉ុន និង កូរ៉េ)​ផងដែរ៕