ឯកឧត្តម ផៃ ស៊ីផាន បានសម្ដែងការអបអរសាទរចំពោះបុរសម្នាក់ជាប់រូងភ្នំ៤ថ្ងៃ


ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាលឯកឧត្តម ផៃ ស៊ីផាន បានសម្ដែងការអបអរសាទរចំពោះបុរសម្នាក់ជាប់រូងភ្នំ៤ថ្ងៃ នៅខេត្តបាត់ដំបងដែលបានរួចផុតពីគ្រោះថ្នាក់។

សូរំលឹកថា បុរសម្នាក់ដែលដើរកើបអាចម៍ប្រចៀវ ហើយធ្លាក់គាបក្នុងរូងថ្មភ្នំចក្រី ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចជួយសង្គ្រោះយកចេញមកក្រៅបានហើយ នៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

ប្រតិបត្តិការជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់នេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ អង្គភាពដែលចូលរួម សង្គ្រោះនោះរួមមាន៖ អង្គភាព៧១១, កម្លាំងយោធភូមិភាគទី៥, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ៕