មន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែងបន្តសកម្មភាពអប់រំប្រជាពលរដ្ឋអំពីជម្ងឺគ្រុនឈាម


ស្ទឹងត្រែង៖ មន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែងនៅតែបន្តសកម្មភាពអប់រំប្រជាពលរដ្ឋបន្ថែមដើម្បីអនុវត្តការ ការពារប្រសើរ​ជាងព្យាបាលទោះបីជម្ងឺគ្រុនឈានមានតួលេខថយចុះយ៉ាងណាក៍ដោយ សូមឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការសម្អាត់បរិស្ថាន និងថែទាំសុខភាពខ្លួនឯងឱ្យបានប្រសើរឡើង។

លោក សែន ស៊ូធ្នូ ប្រធានមណ្ឌលសុខភាពឃុំនេះបានពន្យល់ថា៖ បងប្អូនប្រជាពលរដ្ឋត្រូវព្យាយាម ដោយប្រុងប្រយ័ត្នខ្ពស់ ទោះបីមួយរយៈនេះ ខាងសុខាភិបាលបានបាញ់ថ្នាំសម្លាប់មូសធ្វើឱ្យជម្ងឺគ្រុនឈាម មានការថយចុះគួឱ្យគាត់សម្គាល់ក៍ដោយ។

លោកប្រធានមណ្ឌលបញ្ជាក់ថា៖ការព្យាយាមនេះសូមឱ្យបងប្អូនសម្អាតបរិស្ថានជុំវិញផ្ទះនិងគេងក្នុងមុងជ្រលក់ថ្នាំដែលមន្ត្រីសុខាភិបាលបានចែកជូនព្រោះវាជាមធ្យោបាយការពារកុំឱ្យមូសខាំកើតជម្ងឺគ្រុនឈាម ហើយកុំយកមុងទៅប្រើខុសពី មន្ត្រីសុខាភិបាលបានណែនាំ ទោះបីថាវាចាស់រហែកយ៉ាងណាក៍ដោយ។

លោកសឿង កង មេភូមិ កំភុន បានគាំទ្រដល់មន្ត្រីសុខភិបាលដែលបានយកចិត្តទុកដាក់គ្រប់សព្វយ៉ាងបែបនេះ ចំណែកអាជ្ញាធរភូមិឃុំក៍ចេះតែដាស់តឿនបន្ថែមដែរ ឱ្យប្រជាពលរដ្ឋយើងកាប់សម្អាត់ព្រៃជុំវិញផ្ទះ ជាពិសេសរស់នៅឱ្យមានអនាម័យ។

លោកបន្តថា៖ចំពោះមុងជ្រលក់ថ្នាំវិញប្រជាពលរដ្ឋយើងបានទទួលគ្រប់ផ្ទះសម្រាប់ប្រើប្រាស់ តែបងប្អូនមួយចំនួនយកទៅប្រើក៍មានភាពខុសឆ្គងខ្លះដែរ។

លោក ថា.គឹមហាត ប្រជាពលរដ្ឋនៅភូមិបាដើម ឃុំសាមឃួយបានបញ្ជាក់ថា៖ប្រជាពលរដ្ឋបានអនុវត្តតាម ការណែនាំបានច្រើនគ្នា ព្រោះការរស់នៅប្រចាំថ្ងៃ ចង់បានភាពល្អមិនចង់ឱ្យមានជម្ងឺឈឺថ្កាត់ទេ។ លោកទទួលស្គាល់ថា៖ភាពខុសឆ្គង ខ្លះក៍មានដែរ ដូចជាបងប្អូនខ្លះយកមុងជ្រលក់ថ្នាំចាស់ៗទៅព័ទ្ធបន្លែ ច្បារដំណាំជាដើម ជាជាងបោះចោល ព្រោះវារហែកឈប់ប្រើប្រាស់ទៅហើយ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង គិតមកដល់សប្តាហ៍ទី៣១ឆ្នាំ២០១៩នេះករណីគ្រុនឈាមបានថយចុះ មកនៅត្រឹមតែ៧២ករណីតែប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីសុខាភិបាលបានបង្កើនការអប់រំ និងបាញ់ថ្នាំ
សម្លាប់មូសនៅតាមតំបន់ដែលមានបញ្ហាប្រឈមរួចមក៕