ឯកឧត្តម គួច ចំរើន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ និងសហការី បាននាំយកអំ ណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះ ក៍ដូចជាប្រជាពលរដ្ឋទីទ័លក្រ ស្ត្រីមេ​ម៉ាយ កុមារកំព្រាគ្មានទីពឹង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើ​យ៉ាងណាជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់អត់បាយនោះឡើយ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ បន្តទៀតថា នេះជាគ្រោះធម្មជាតិ ជំនាន់ទឹកភ្លៀងដែលកំពុងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យតំបន់មួយចំនួននៅទូទាំងខេត្តព្រះសីហនុ រងនៅជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពកូន ចៅឱ្យបានល្អ គេងក្នុងមុង ផឹកទឹកស្អាតជៀសវាងឆ្លងនូវជម្ងឺផ្សេងៗទៀត ។

អំណោយដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះចំនួន ២០គ្រួសារ ដោយជំនន់ទឹកភ្លៀងនៅឃុំព្រៃនប់ ស្រុកព្រៃនប់ក្នុងមួយគ្រួសារទទួលបានមុង១ បូកនិងមុងជ្រលក់ថ្នាំ២, ភួយ១,ក្រមា១,សារុង១, កន្ទេល១, តង់១,មី១កេស,ត្រីខ១យួរ, អង្ករ១បាវ,និងថវិកា ១០ម៉ឺនរៀល ៕