ឯកឧត្តម សុខ ឥសាន៖ កញ្ញា កឹម មនោវិទ្យា គ្មានបញ្ញា ដូចរាជរដ្ឋាភិបាលសព្វថ្ងៃ


ភ្នំពេញ៖អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា គ្រាន់តែជាយោបល់ផ្ទាល់ខ្លួន និងជាការយល់ច្រឡំ ហើយម្យ៉ាងវិញទៀតគាត់ គ្មានបញ្ញាជាងរាជរដ្ឋាភិបាលសព្វថ្ងៃទេ ។
លោក សុខ ឥសាន បានថ្លែងថា កញ្ញា កឹម មនោវិទ្យា កុំធ្វើចេះជាងរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាល ដឹងថាអ្វីដែលចំណេញ អ្វីដែលខាតហើយ។ ឯកឧត្តមថា រាជរដ្ឋាភិបាលដឹកនាំសព្វថ្ងៃ បានធ្វើឲ្យសេដ្ឋកិច្ចមានកំណើន ៧% ប្រចាំឆ្នាំ ហើយត្រូវបានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ និងវាយតម្លៃថា កម្ពុជាមានភាពរឹងមាំខាងកំណើនសេដ្ឋកិច្ច ។
ឯកឧត្តមបន្តថា “គាត់និយាយនេះ យល់ច្រឡំហើយ ម្យ៉ាងទៀតគាត់មិនមែន មានបញ្ញាញាណ ជាងរាជរដ្ឋាភិបាលបច្ចុប្បន្នទេ បើមិនអីចឹងគេមិនមែនដឹកនាំ តាំងពី៧៩ រហូតមកដល់ថ្ងៃនេះ ដែលមានរយៈពេល ៣៨ឆ្នាំ បាននៅរហូតដល់មានការរីកចម្រើន រុងរឿង អភិវឌ្ឍន៍គ្រប់វិស័យ និងមានស្ថេរភាពនយោបាយ មានសន្តិសុខសណ្ដាប់ធ្នាប់អីចឹងទេ” ។