ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះបណ្តើរៗហើយ, ថ្ងៃនេះអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹក និងណែនាំពលរដ្ឋថែរក្សាសុខសុវត្ថិភាព បន្តបង្កបង្កើនផល


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានអះអាងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ បានស្រកចុះបណ្តើរៗហើយ ខណៈស្រុកកណ្តៀង នៅចំណុចទំនប់ចរឹក ទឹកមានការកើតឡើងខ្លាំង ដែលអាចស្រកចុះវិញជាបណ្តើរៗ នៅពេលទឹកនោះហូរទៅដល់បឹងទន្លេសាប។

ឯកឧត្តម ម៉ៅ ធនិន បានអះអាងបែបនេះ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក នៅតាមដងស្ទឹងពោធិ៍សាត់ និងប្រឡាយមេ ប្រឡាយរងមួយចំនួន ក្នុងភូមិសាស្ត្រស្រុកបាកាន ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ក្នុងសេចក្តីជូនដំណឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

ទោះបីជាយ៉ាងនេះក្តី តាមការព្យាករណ៍ថ្មី ដែលបញ្ជាក់ដោយមន្ទីរជំនាញ និងអាជ្ញាធរដែនដី ដែលនៅជាប់នឹងដងស្ទឹងពោធិ៍សាត់ បានឲ្យដឹងបន្ថែមថា គិតត្រឹមវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ បានស្រុកចុះបណ្តើរៗហើយ ខណៈស្រុកកណ្តៀងនៅចំណុចទំនប់ចរឹក ទឹកមានការកើតឡើងខ្លាំង ដែលអាចស្រកចុះវិញជាបណ្តើរៗដែរ នៅពេលទឹកនោះហូរទៅដល់បឹងទន្លេសាប។ ស្ថិតក្នុងស្ថានភាពទឹកជំនន់នេះ បានធ្វើឲ្យតំបន់ខ្លះលេចលង់ ក៏ប៉ុន្តែសម្រាប់តំបន់ ដែលនៅឆ្ងាយពីស្ទឹង ប្រឡាយមេ និងប្រឡាយរង ក៏ជួបនឹងគ្រោះរាំងស្ងួតផងដែរ ដែលបញ្ហានេះ ទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច ខិតខំស្វែងរកដំណោះស្រាយ ដើម្បីជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងថ្ងៃនេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានចុះផ្ទាល់ដល់តំបន់ដែលជួបគ្រោះរាំងស្ងួត ដោយបានបញ្ជាក់ថា ស្ថានភាពគ្រោះរាំងស្ងួតនៅទីនេះ មិនខុសពីតំបន់ផ្សេងនោះទេ, ឯកឧត្តមបានណែនាំឲ្យមន្ទីរជំនាញត្រូវចុះតាមដាន នៅគ្រប់តំបន់រងផលប៉ះពាល់ ដើម្បីរិះរកមធ្យោបាយដោះស្រាយបញ្ហាជូនកសិករ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដូចជាជួយឧបត្ថម្ភជាប្រេងសម្រាប់បូមទឹក ក្នុងករណីមានប្រភពទឹក និងគ្រាប់ពូជ ក្នុងករណីត្រូវការស្តារឡើងវិញ។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ ត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង៕