ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅស្រុកបាណន់


នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាអគារសិក្សា ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ នៅវិទ្យាល័យ តាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអំណោយរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម ងួន រតន: បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់សាលារៀនបានចំនួន ៣កន្លែងមកហើយក្នុងឆ្នាំ២០១៩នេះ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា នេះជាសមិទ្ធផលថ្មី១ទៀត ដែលខេត្តបាត់ដំបងបានទទួលអំណោយរបស់សម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់អគារសិក្សា១ខ្នង មាន២ជាន់ ស្មើនឹង១២បន្ទប់ តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបាណន់ ដែលមានការផ្តួចផ្តើមគំនិត ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ដោយគ្រោងចំណាយថវិកាប្រមាណជាង ១៥ម៉ឺនដុល្លារអាម៉េរិកសម្រាប់ការសាងសង់ ។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងកំណើនសិស្សជារៀងរាល់ឆ្នាំ តាមការចាំបាច់និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋានសម្តេចក្រឡាហោម ស ខេង បានផ្តល់អគារសិក្សា១ខ្នងនេះជូនដល់ឃុំតាគ្រាម បន្ថែមទៀតសម្រាប់ឱ្យសិស្សបានចូលរៀន និងសម្រាប់ទុកឱ្យ  ក្មួយៗបានចូលរៀនសូត្រតាមតម្រូវការ និងបានធ្វើការដំឡើងពីអនុវិទ្យាល័យទៅជាវិទ្យាល័យតាគ្រាមផងដែរ ។ វិទ្យាល័យដែលយើងបានបញ្ចុះបឋមសិលានាពេលនេះ គឺជាមូលដ្ឋានគ្រឹះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់ក្រោមឡើងទៅ ដើម្បីធ្វើឱ្យក្មេងជំនាន់ក្រោយក្លាយជាទំពាំងស្នងឫស្សី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃក្រោយ។

ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់កសាងធនធានមនុស្សតាមរយ:ក្រសួងអប់រំ យុវជន និងកីឡា បានបើកទូលាយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតមានឱកាសចូលរៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានា និងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជំរុញឱ្យសិស្សទាំងអស់ខិតខំរៀនសូត្រទៅតាមកម្រិត និងលទ្ធភាពដែលអាចធ្វើបាន មានចំណេះសម្រាប់ធ្វើការងារ មានមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅអនាគត។ ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ថា ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះអាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង។ ដើម្បីកាត់បន្ថយអាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីខ្លួនយើង និងការពារគ្រួសារយើង ៕