អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងរដូវវស្សានេះនៅស្រុកពួក ក្រឡាញ់និងស្រុកស្រីស្នំ


កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានដឹកនាំកម្លាំងចម្រុះរបស់ស្រុកពួក ក្រឡាញ់ និងស្រុកស្រីស្នំព្រមទាំងមន្ទីរពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងរដូវវស្សានេះនៅស្រុកពួក ក្រឡាញ់និងស្រុកស្រីស្នំ។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពិនិត្យឱ្យអស់លទ្ធភាពក្នុងការជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរស្រុកត្រូវរាយការណ៍បន្ទាន់រាល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះរាំងស្ងួតនេះ។ ម្យ៉ាងទៀត ត្រូវស្វែងរកប្រភពទឹក ដើម្បីធ្វើការបូមបង្ហូរចូលស្រែដែលរងគ្រោះ និងត្រូវត្រៀមពូជស្រូវសម្រាប់សង្គ្រោះតំបន់ដែលខូចខាត។

ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញបន្ថែមអំពីការពារ និងធ្វើការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះបញ្ហាទឹកជំនន់ដែលអាចកើតឡើងបានភ្លាមៗផងដែរ ទោះបីជាខេត្តយើងរងគ្រោះរាំងស្ងួតក៏ដោយ ការប្រុងប្រយ័ត្នគ្រោះទឹកជំនន់អាចកើតឡើងនេះ ដោយសារខេត្តមួយចំនួនបានជន់លិចលង់យ៉ាងខ្លាំង ហើយស្ថានភាពទឹកស្ទឹងក្នុងខេត្តមួយចំនួននៅជិតខេត្តមានការហក់ឡើងខ្ពស់លឿន។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏បានអញ្ជើញចូលពិនិត្យកសិដ្ឋានចិញ្ជឹមក្រពើនៅស្រុកពួកផងដែរ៕