មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ធ្ងរ ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ លើកទឹកចិត្ត ជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ


នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ ថវិកា ៥លានរៀល រួមជាមួយទឹកដោះគោ ១កន្ត្រក និងសម្ភារប្រើប្រាស់មួយចំនួន ដល់លោក ពត ថេង អាយុ៥៧ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង និងក្រពះធ្ងន់ធ្ងរនៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដល់មន្ទីរពេទ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសើរដល់លោក ពត ថេង ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជាមន្ត្រីរាជការ ខិតខំតស៊ូដើម្បីគ្រួសារ និងកូនៗ ជាពិសេស រួមចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍នៅរាជធានីភ្នំពេញអស់រយៈពេលជាង៣០ឆ្នាំ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តដល់លោក ពត ថេង ឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ បរិភោគអាហារូបត្ថម្ភ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

ជាការឆ្លើយតប លោក ពត ថេង និងភរិយា ព្រមទាំងកូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។ ទន្ទឹមនឹងនេះ លោក ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ ផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមជាថ្មី ឱ្យរស់នៅជួបជុំជាមួយគ្រួសារបន្តទៀត៕