រដ្ឋមន្រ្តីទេសចរណ៍បើកកិច្ចប្រជុំ ពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍


(ភ្នំពេញ)៖ នារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយផ្នែកឯកជន ដើម្បីពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង ផ្នែកឯកជន និងប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍សរុបប្រមាណ ៤០នាក់។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទី និងភារកិច្ចរបស់ផ្នែកឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ក្នុងការចូលរួម និងសហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា។ ផ្នែកឯកជនដើរតួនាទីសំខាន់ធ្វើជាស្ពានសម្រាប់ពាំនាំនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរកសុីរបស់ផ្នែកឯកជន បញ្ជូនមកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងមានវិធានការដោះស្រាយអោយបានសមស្រប ជាក់ស្តែង និងមានប្រសិទ្ធភាព។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផសរួចមក អង្គប្រជុំបានឯកភាពគ្នាបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូរវាងរដ្ឋ-ឯកជនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងបន្តធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយផ្នែកឯកជន និងសមាគម ដើម្បីពិនិត្យទៅលើបញ្ហាប្រឈម សំណូមពរចាំបាច់នានា និងការផ្តល់គោលនយោបាយលើកទឹកចិត្តនានាដល់សមាគមដើម្បីទាក់ទាញការចូលជាសមាជិកឲ្យកាន់តែច្រើន សំដៅរួមគ្នាដោះស្រាយ និងដាក់ចេញនូវគោលការណ៍ យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានាដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងពង្រឹងភាពជាដៃគូរដ្ឋ-ឯកជន។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់ផ្នែកឯកជន និងសមាគម ចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍ ចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទាំងក្នុង និងក្រៅប្រទេសឲ្យបានផុលផុស។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំអោយរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រវាងរដ្ឋ-ឯកជន រៀលរាល់ ០៣ខែម្តង អោយបានទៀងទាត់ផងដែរ៕