ឯកឧត្តម ម៉ៅ ធនិន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនប្រមាណ ២៦៥នាក់ ក្នុងខេត្តពោធិ៍សាត់


ពោធិ៍សាត់៖ ថ្លែងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនស្រុកវាលវែង ប្រមាណ ២៦៥នាក់ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សស្រុក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនទាំងអស់។

ពិធីនេះបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ សមាជិក សមាជិកា សមាគមអតីតយុទ្ធជនខេត្តស្រុក ជាច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន តំណាងនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីត​យុទ្ធជន​កម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីត​យុទ្ធជន​ក្នុងស្រុកវាលវែងទាំងអស់។

ឧត្តមក៏បានថ្លែងកោតសរសើរ ដល់អតីតយុទ្ធជនក្នុងស្រុកទាំងអស់ ដែលកន្លងមកបានតស៊ូ ដោយបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការច្បាំងតតាំងនឹង​ខ្មាំងសត្រូវឈ្លាន​ពាន​ទឹកដី រហូតធ្វើឱ្យប្រទេសកម្ពុជាទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម ម៉ៅ ធនិន បញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធិផលជាច្រើនពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ដូចជាទំនប់ស្ទាក់ទឹកទី៣ និងទី៥ ដែលទំនប់ទាំង២ មានសមត្ថភាពស្តុកទឹករហូតដល់ទៅ ជាង៥០លានម៉ែត្រគូប ដើម្បីស្រោចស្រពស្រូវ​ជូនប្រជាពលរដ្ឋ ក្នុងរដូវប្រាំង។

ឯកឧត្តមបញ្ជាក់ទៀតថា ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល ក៏បានសម្រេចស្ថាបនា ផ្លូវជាតិលេខ៥៥ ប្រវែង១៨៦គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ទៅឃុំថ្មដា ដែលមានព្រំប្រទល់​ជាប់​ខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏។

ជាមួយគ្នានោះ ឯកឧត្តម ម៉ោ ធនិន បានក្រើនរម្លឹកដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវតែចេះតស៊ូក្នុងជីវិត រស់នៅមិនត្រូវអស់សង្ឃឹមនោះទេ ពីព្រោះរាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ទាំងការផ្តល់ផ្ទះសម្បែង ដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងការកែសម្រួលប្រាក់បៀវត្សរ៍មូលដ្ឋាន ឱ្យមានតុល្យភាពគ្នា សំដៅធ្វើយ៉ាងណាឱ្យបងប្អូន បានរស់នៅក្នុងជីវភាពមួយបានសមរម្យ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានប្រគល់អំណោយរបស់សម្តេចតេជោ ជូនដល់សមាជិកអតីតយុទ្ធជនស្រុកវាលវែង ប្រមាណ ២៦៤នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា ៦ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជួបសំណេះសំណាល ជាមួយបងប្អូនក្រុមគ្រួសារម៉ូតូឌុប បងប្អូនអាជីវករផ្សារប្រម៉ោយ បងប្អូនដែលមកទទួលសេវា​សុខាភិបាល​នៅមណ្ឌលសុខភាពប្រម៉ោយ និងបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួន ទៅតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកវាលវែងផងដែរ៕