ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧– ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍទីក្រុងដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅទីស្តីក្រសួងបរិស្ថាន។
ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ និងជម្រាបជូនលោកនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិអំពីស្ថានភាព និងវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ដោយបានរំលេចឱ្យឃើញនូវសមិទ្ធផលនានាកើតចេញពីការធ្វើទំនើបកម្មស្ថាប័ន។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដោយឈរលើស្មារតីម្ចាស់ការ និងគំនិតច្នៃបង្កើតក្នុងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថានសូមស្វាគមន៍និងបើកទូលាយឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងភាពជាដៃគូ ដើម្បីសម្រេចឱ្យបានជោគជ័យនូវបំណងជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលមានភាពបៃតង បរិស្ថានល្អស្អាត និងភាពសុខដុមរមនា សម្រាប់ប្រជាជនគ្រប់រូបនិងគ្រប់ៗជំនាន់។
ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានឯកភាពជាគោលការណ៍ ក្នងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត៕