ជំនួបសម្ដែងការគួរសមពីសំណាក់គណៈប្រតិភូ IHO/UKHO


ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមរដ្ឋលេខាធិការ រស់ វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការគួរសមពីសំណាក់គណៈប្រតិភូ IHO/UKHO ដែលតំណាងឱ្យប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី ហុងកុង ចក្រភពអង់គ្លេស និងក្រុមហ៊ុនឯកជនជប៉ុន ដោយមានការចូលរួមពី ឯកឧត្ដម ចាន់ តារា អនុរដ្ឋលេខាធិការ លោក ហុង សុធារ៉ា មន្ដ្រីពាក់ព័ន្ធ និងគណៈប្រតិភូជាច្រើនរូបផងដែរ។

ជំនួបនេះធ្វើឡើងដើម្បីស្នើសុំឱ្យភាគីកម្ពុជាចូលជាសមាជិកអង្គការ IHO សំដៅជួយដល់ការអភិវឌ្ឍន៍កំពង់ផែ វិស័យនាវាចរណ៍ និងវិស័យផ្សេងៗនៃសេដ្ឋកិច្ចជាតិ និងសង្គម។

ឆ្លើយតបទៅនឹងសំណើនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើសុំឱ្យអង្គការ IHO ផ្ដល់ព័ត៌មានចាំបាច់សម្រាប់ការចូលជាសមាជិករួមមាន៖ យន្តការ និងអាសយដ្ឋានសម្រាប់ទាក់ទងក្នុងការស្នើសុំចូលជាសមាជិក លក្ខខណ្ឌលម្អិតសម្រាប់ការស្នើសុំចូលជាសមាជិក វិភាគទានប្រចាំឆ្នាំ និងផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានមកវិញ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការផលិត និងចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក និងរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីផ្ដល់សិទ្ធិសម្រាប់ហត្ថលេខី ដោយក្នុងដំណើរការនេះ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នឹងធ្វើការទំនាក់ទំនងផ្លាស់ប្ដូរព័ត៌មានជាមួយការិយាល័យជលផលសាស្ត្រចក្រភពអង់គ្លេស ៕