អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទានសង្គមកិច្ច ត្រូវខិតខំបង្កបង្កើនផល និងដាំដុះដំណាំឲ្យបានគ្រប់ៗគ្នា


(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដីសម្បទានសង្គមកិច្ចដែលគម្រោង LASED II ចែកជូនបងប្អូនប្រជាពលរដ្ឋ គឺជាដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទេ ដូច្នេះសូមបងប្អូនដែលទទួលបានដីនេះ កុំមានការភ័យខ្លាចឲ្យសោះ ត្រូវចូលទៅអាស្រ័យផល ត្រូវខិតខំបង្ករបង្កើនផល ហើយយកគ្រាប់ពូជដំណាំ និងដាំកូនឈើហូបផ្លែ ដែលបានផ្តល់ជូននាពេលកន្លងមក ទៅដាំលើដីដែលជាកម្មសិទ្ធិរបស់បងប្អូន ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវជឿលើការ ញុះញ៉ុងរបស់ បុគ្គលអគតិមួយចំនួនតូចនោះទេ។

ឯកឧត្តម សុខ លូ បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារនាំយកអង្ករ និងស័ង្កសី ចែកជូនដល់គ្រួសារចំនួន ៥៥១គ្រួសារ ដែលជារបស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែក ដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។

លោក យ៉ូវ សេងគុណ ប្រធានគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)បានធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីលទ្ធផលនែការអនុវត្តការងារកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលក្រុមការងារគម្រោងបានខិតខំអនុវត្តរហូតបានជាផ្លែផ្កានាពេលនេះ។

ឯកឧត្តម សុខ លូ បានលើកឡើងបន្តថា សម្បទានិក ដែលនឹងចូលទៅរស់នៅលើដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលនៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន ដីឡូតិ៍លំនៅឋានទំហំ ៣០ម៉ែត្រX៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតា។ ដោយឡែកសម្រាប់ថ្ងៃនេះ យើងបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២០០គីឡូក្រាម និងស័ង្កសីចំនួន ៤០សន្លឹក ដែលមានប្រវែង៣ម៉ែត្រ ក្នុងនោះដែលគម្រោងនឹងបន្តផ្ដល់ជូន អំពូលពន្លឺព្រះអាទិត្យថែមទៀត និងភ្ជួរដីកសិកម្មជូនដោយមិនគិតថ្លៃ។

ឯកឧត្តមបានបន្តថា គម្រោងនេះក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុស្ដិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព។ ផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម និងការផ្តល់ទុនបង្វិលសម្រាប់អភិវឌ្ឍ សេដ្ឋកិច្ចសហគមន៍ផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ច្បាស់ថា បងប្អូនត្រូវរស់នៅលើដីនេះក្នុងរយៈពេល៥ឆ្នាំ ទើបប្រគល់ប្លង់រឹងជូន ហើយសូមពុកម៉ែបងប្អូនទាំងអស់ សូមមេត្តាកុំលក់ដីនេះឱ្យសោះទុកសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ឯកឧត្តមក៏បានអំពាវនាវ ដល់បងប្អូនទាំងអស់ ត្រូវខិតខំរក្សានូវសុខភាពឲ្យបានល្អ គេងក្នុងមុងជានិច្ច និងដាក់អាល់បែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ទីកន្លែងណាដែលអាចដក់ទឹកបាន ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាម មិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។

ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរព ច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា និងខិតខំចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិមានភាពរីកចំរើន ៕