មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំងៈ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីរាជការទាំងអស់ដែលបានសហការគ្នាសម្រេចបាននូវលទ្ធផលការងារតាមផែនការសកម្មភាពបាន១០០ភាគរយរបស់មន្ទីរបានដាក់ចេញសំរាប់ខែសីហាឆ្នាំ២០១៩នេះ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរបែបនេះនារសៀលថ្ងៃទី២​៧ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តដោយមានការចូលរួមពីលោកអនុប្រធាននិងលោកប្រធានការិយាល័យចំណុះទាំង៥ផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់នាំមន្ទីរថ្នាក់ដឹកនាំការិយាល័យត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តន៍អោយបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនជាពិសេសផែនការសកម្មភាពដែលមន្ទីរបានដាក់ចេញពីដើមឆ្នាំត្រូវរិះរកគ្រប់មធ្យោបាយសម្រេចអោយបានដោយទទួលបានសូចនករមួយខ្ពស់ប្រកបដោយគុណភាពនិងជោគជ័យតាមផែនការសកម្មភាពរបស់ខ្លួន៕