ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ អ្វីដែលប្រជាជនត្រូវការចាំបាច់ យើងបានដោះស្រាយជូនភ្លាមៗនោះ ច្បាស់ណាស់ប្រជាជននឹងបន្តផ្តល់សម្លេងគាំទ្រជូនគណបក្សប្រជាជនដ៍លើសលប់យ៉ាងពេញចិត្តពេញថ្លើម


(ត្បូងឃ្មុំ)៖ ថ្លែងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ ​សំរិន​ ប្រធានក្រុម​ការ​ងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍​ ស្តី​ពី​សភាពការណ៍​ទូទៅ​ការងារគណបក្សប្រចាំឆមាសទី១​
និងទិសដៅភារកិច្ចប្រចាំឆមាសទី២​ ឆ្នាំ​២០១៩​ របស់​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្ដម ជា សុផារ៉ា អនុប្រធានទី១ថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរចំពោះសមាជិកទាំងអស់ដែលខិតខំបំពេញភារកិច្ចកន្លងមកដោយសាមគ្គីភាព និងស្មោះត្រង់ចំពោគណបក្សប្រជាជនកម្ពុជា។ជាក់ស្តែង ព្រឹត្តិការណ៍ឃោសនា និងការបោះឆ្នោត ទាំង៤ដំណាក់កាលដ៍សំខាន់ៗ ត្រូវបានសម្រេចដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៍បានថ្លែងលើកទឹកចិត្ត ក៍ដូចជាណែនាំបង្ហាញក្បួនយុទ្ធសាស្ត្រថ្មីៗ ដាក់ផែនការយ៉ាងរឹងមាំ ដោយកំណត់ទិសដៅ ចង្អុលគោលដៅជាក់លាក់ និងជំរុញការអនុវត្តន៍ឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យលទ្ធផលសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់ការងារ ឆមាសទី២នេះ។ ពិសេសដើម្បីដណ្តើមយកជ័យជំនះនៅក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិនិងការបោះឆ្នោតជាតិ ដែលត្រូវអនុវត្តនៅឆ្នាំ២០២២និងឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា កាលពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តក្នុងឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាមានសមាជិកសរុប៣៣០៩០៩នាក់ នៅក្នុងខេត្តត្បូងឃ្មុំ ដែលធ្វើអោយគណបក្សទទួលបានសំលេងគាំទ្រ៨០,៦៣% ដោយទទួលបានអាសនៈ៨ក្នុងចំណោម៨អាសនៈ។

ដោយឡែកបច្ចុប្បន្ននេះតាមរបាយការណ៍
របស់គណៈកម្មាធិការគណបក្សខេត្តនៅក្នុង
ឆមាសទី១នេះគណបក្សប្រជាជនកម្ពុជាទទួល បានសមាជិក៣៣៦២១២នាក់ ស្មើនឹង៦៦,៨៣% នៃចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងខេត្តត្បូងឃ្មុំគឺកើនឡើង១,៦%។

ដូច្នេះដើម្បីកសាងមូលដ្ឋានអោយបានរឹងមាឯកឧត្តម បានស្នើឲ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់នៅតាមបណ្តាមូលដ្ឋាននិងសាខាបក្ស សូមយកចិត្តទុកដាក់កសាងសមាជិកថ្មី ក្នុងនោះគឺសំដៅដល់ការកសាងសមាជិកជាយុវជនចាប់ពីអាយុ១៨ឆ្នាំ និងត្រូវដឹកនាំសមាជិកគណបក្សទាំងអស់ចូលរួមបោះឆ្នោតតាមរយៈការទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ជាមួយនេះដើម្បីរួមចំណែកក្នុងទិសដៅឆមាសទី២របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានោះគឺត្រូវរៀបចំវគ្គបំប៉នវគ្គនយោបាយដល់យុវជនតាមបណ្តាស្រុកក្រុងក្នុងខេត្តត្បូងឃ្មុំ និងរៀបចំធ្វើវេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះស្រាយរាល់សំណូមពរពលរដ្ឋឲ្យបានទាន់ពេលវេលា។ មានន័យថាអ្វីដែលប្រជាជនត្រូវការចាំបាច់ យើងបានដោះស្រាយជូនភ្លាមៗនោះ ច្បាស់ណាស់សម្លេងគាំទ្រគណបក្សប្រជាជនដ៍លើសលប់ដូចនាពេលកន្លងទៅ ប្រជាជននឹងបន្តផ្តល់ជូនយ៉ាងពេញចិត្តពេញថ្លើម៕