គណបក្សសង្គ្រោះជាតិ ប្រាប់អ្នកគាំទ្រឈប់និយាយប្រមាថ


     គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្តារ​វប្បធម៌​សន្ទនា​ជា​មួយ​នឹង​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ប្រាប់​អ្នក​គាំទ្រ សូម​បញ្ឈប់​ការ​ប្រើ​ពាក្យ​សម្តី​អសីល​ធម៌​ជេរ​ប្រមាថ ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ ។ ការ​ប្រាប់​អ្នក​គាំទ្រ​សូម​អោយ​ប្រកាន់​សីលធម៌​ខ្ពស់​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន បាន​ប្រើ​ពាក្យ​ប្រមាថ​តាម​ការ​សរសេរ និង​ការ​ថត​រូប​វីដេអូ និង​សម្លេង​ប្រើ​ភាសា​អសុ​រោះ​ មក​លើ​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ។

     សេចក្តី​អំពាវ​នាវ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្ងៃ​ទី​១៤ មករា​នេះ បាន​សរសេរ​ថា គណ​បក្ស​សូម​អំពាវ​នាវ​សា​ជា​ថ្មី​ដល់​ក្រុម​ដឹកនាំ​… សកម្ម​ជន និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ រក្សា​ភាព​ថ្លៃ​ថ្នូរ សីល​ធម៌​ខ្ពស់ ដោយ​មិន​ជេរ​ប្រមាថ មិន​ប្រើ​រូប​ភាព​ប្រមាថ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ ឬ​ការ​រិះ​គន់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នោះ​ឡើយ ។

     ការ​ប្រើ​ពាក្យ និង​រូប​ភាព​ប្រមាថ និង​សម្តី​អសុ​រោះ​មក​លើ​ថ្នាក់​ដឹក​នាំ គណ​បក្ស​ប្រជា​ជន​ជា​បន្ត​បន្ទាប់​នេះ ត្រូវ​គេ​សង្ស័យ​ថា គឺ​ជា​នយោ​បាយ​របស់​ក្រុម​ប្រឆាំង ដែល​តែង​ញុះ​ញង់​ចង់​អោយ​មាន​អំពើ​ហិង្សា​កើត​ឡើង ដើម្បី​គណ​បក្ស​ប្រឆាំង​អាច​ស្វែង​រក​ពិន្ទុ​នយោ​បាយ ដាក់​ការ​ចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋា​ភិបាល ។

     អំពើ​ញុះ​ញង់​រក​ហិង្សា​នេះ ត្រូវ​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង ធ្លាប់​ប្រាប់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ល្បិច​កល​នយោ​បាយ​ដើម្បី​តែ​ស្វែង​រក​ពិន្ទុ​នយោ​បាយ​នោះ មិន​ដែល​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ ។

Law Making 15 01 16 2 copy

Law Making 15 01 16 3 copy