ភាពចន្លោះប្រហោងនៃការបំរើរបស់ក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពមួយចំនួន បាននាំអោយមានការព្រមាន ដាក់ពិន័យពីមន្ត្រីគ្រប់គ្រងវិស័យសុខាភិបាល ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា កន្លងមក តាមមណ្ឌលសុខភាពរបស់រដ្ឋមួយចំនួន ត្រូវគេឃើញបានបិទទ្វារ និងចាក់សោមិនទទួលអ្នកជំងឺនៅពេលយប់ ឬជួនកាលនៅថ្ងៃឈប់សម្រាកថែមទៀត ។
មន្ទីរពេទ្យរដ្ឋខ្លះទៀត ថែមទាំងខ្វះគ្រូពេទ្យយាមប្រចាំការផងដែរ ។ ភាពចន្លោះប្រហោងទាំងនេះ បាននាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានកោះប្រជុំថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា នៅរសៀលថ្ងៃទី១៤ មករានេះ។
ក្រសួងសុខាភិបាល នាវេលាចុងក្រោយនេះ ត្រូវគេឃើញបានធ្វើការកែទំរង់ការដឹកនាំវិស័យសុខាភិបាលដល់មន្ត្រីក្រោមបង្គាប់យ៉ាងខ្លាំងក្លា ក្នុងរង្វង់ការរិះគន់របស់គណបក្សប្រឆាំងដែលបន្តចោទថា វិស័យសុខាភិបាលមិនបានបំរើដិតដល់ ចំពោះអ្នកក្រីក្រនោះទេ ។ កាលពីម្សិលមិញ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តជាច្រើននាក់ រួមទាំងគ្រូពេទ្យបរទេសមួយចំនួនផងដែរបាននាំគ្នាចុះមកជួយប្រជាជននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីពិនិត្យព្យាបាលជម្ងឺ ដោយពុំមានការគិតថ្លៃនោះឡើយ ហើយជាមួយគ្នានេះ ក៏មានការវាស់ភ្នែកពលរដ្ឋចាស់ៗ និងចែកវ៉ែនតាជូនដល់ពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។
ក្នុងការដាស់តឿនបំពេញភាពចន្លោះប្រហោង ដល់មន្ត្រីក្រោមបង្គាប់នារសៀលថ្ងៃទី១៤ មករានេះដែរ លោកប្រធានមន្ទីរសុខាភិបាល វេជ្ជបណ្ឌិត សុខ សុគន្ធ បានថ្លែងរំលឹកថា គ្រូពេទ្យមួយចំនួនធំ បើទោះបីជាបានបំពេញការងាររបស់ខ្លួនបានល្អហើយក៏ដោយ ប៉ុន្តែក៍ត្រូវយកចិត្តទុកដាក់ពិនិត្យមើលការរិះគន់ពីប្រជាពលរដ្ឋថែមទៀត ដើម្បីកែលំអការងារឲ្យបានកាន់តែប្រសើរ ។ លោកបានណែនាំឲ្យថ្នាំដឹកនាំ អង្គភាពពេទ្យនីមួយៗ ត្រូវថែរក្សាសម្ភារបរិក្ខាដែលមាន… ត្រូវរៀបចំសម្លៀកបំពាក់ពេទ្យឲ្យបានត្រឹមត្រូវ… រៀបចំអនាម័យនៅក្នុងមន្ទីរពេទ្យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យចំពោះអ្នកជំងឺផងដែរ ។