រាជរដ្ឋាភិបាលកម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៨ទៀត សរុបទុនវិនិយោគជាង៣០០លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨គម្រោង ដែលមានទុនវិនិយោគជាង៣០០លានដុល្លារអាមេរិក បង្កើតការងារថ្មីរាប់ពាន់កន្លែងជូនដល់ពលរដ្ឋខ្មែរ។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញានេះបានបញ្ជាក់ថា គម្រោងវិនិយោគទាំង៨នោះរួមមាន៖

១៖ MEKO LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។

២៖ SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។

៣៖ SINE PLASTIC (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតបំពង់ទឹកជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

៤៖ HONG CHHING (CAMBODIA) INDUSTRIAL DEVELOPMENT CO., LTD គម្រោងបង្កើត រោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។

៥៖ MIKOL STONE CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃថ្មម៉ាបផលតិជាគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

៦៖ KAM CHING (CAMBODIA) CRAFTS & GIFTS CO., LTD គម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។

៧៖ CUI ZHEN YUAN FOOD CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៧កន្លែង។

៨៖ ZHENG HENG (CAMBODIA) CO., LTD គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ “តារាសាគរ ឈូងសមុទ្រវែង” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ២៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១១៦កន្លែង។

សូមជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគចំនួន២១ សរុបទុនវិនិយោគជាង៧០០លានដុល្លារ៕