នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុស្លិមកម្ពុជាទូទាំងប្រទេស


នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តមបណ្ឌិត មហាធៀ​ មហាម៉ាត់ Y.A.B TUN DR. MAHATHIR MOHAMAD នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុស្លិមកម្ពុជាទូទាំងប្រទេស។

ពិធីនេះរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧកញ៉ា​ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោកឧកញា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ ជាថ្នាក់ដឹកនាំឥស្លាមទូទាំងប្រទេស និងឥស្សរជននយោបាយមួយចំនួនផងដែរ។

ពិធីនេះផងដែរធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត មហាធៀ មហាម៉ាត់ Y.A.B. TUN DR. MAHATHIR MOHAMAD អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត មហាធៀ​ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយលោកបានថ្លែងថា លោកនៅចាំមិនភ្លេចទេ នូវអ្វីដែលជាការចែករំលែករបស់ឯកឧត្តមបណ្ឌិតកាលពីឆ្នាំ ១៩៩៤ រយៈពេល ២៥ ឆ្នាំកន្លងទៅ ។ លោកបន្តថា សមិទ្ធផល និងផ្លែផ្ការបស់សហគមន៍ឥស្លាមកម្ពុជាដែលទទួលបាននៅថ្ងៃនេះ ក៏មានចំណែករបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី តាមរយៈការផ្ដល់អនុសាសន៍ ជាយុទ្ធសាស្ត្រ ក្នុងការកសាងខ្លួននិងសង្គមជាតិ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ អ្នកចូលរួម និងអង្គពិធីទាំងមូល នាយករដ្ឋមន្ត្រីដែលមានវ័យ ៩៣ ឆ្នាំ បានមានប្រសាសន៍ថា លោកសូមអបអរសាទរ និងបងប្អូនសហគមន៍ឥស្លាមនៅកម្ពុជា ដែលស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នេះគឺជាស្ថានភាពមួយដែលខុសគ្នាឆ្ងាយ បើប្រៀបធៀបនឹងប្រទេសផ្សេងផ្សេងនៅលើពិភពលោក ។

លោកបន្តថា មានប្រជាជនមុស្លិមចំនួន ៤ លាននាក់ ដែលភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ទៅសុំការជ្រកកោននៅខាងអឺរ៉ុប ហើយក៏មានមួយចំនួនបានចូលមកប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា លោកសូមកោតសរសើរ ចំពោះឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងបងប្អូនប្រជាសហគមន៍ឥស្លាមនៅកម្ពុជា ដែលបានប្រើប្រាស់ជីវិតរស់នៅដ៏ត្រឹមត្រូវ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព ស្ថេរភាព ភាតរភាពនៅក្នុងប្រទេសមួយនេះ៕