ឯកឧត្ដម ធុន គ្រី នាំយកអំណោយសាខាកាកបាទក្រហមខេត្តក្រចេះ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរនៅស្រុកចិត្របុរី


ឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយរបស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តក្រចេះទៅផ្តល់ជូនដល់គ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤គ្រួសារ នៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០ ៤ ខែកញ្ញា ឆ្នាំ២០១៩ ។

អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះនាពេលនោះគឺ សម្រាប់គ្រួសាររង ដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់សមាជិកគ្រួសារចំនួន៣នាក់ គឺម្តាយម្នាក់ និងកូនចំនួន២នាក់កាលពីដើមខែកញ្ញាកន្លងទៅ  បានទទួលអង្ករចំនួន១៥០ គីឡូក្រាម សារុ ង២ ភួយ២ មុង២ ក្រមា២ មី ២កេស ត្រីខ ២០កំប៉ុង និង ថវិកា១លានរៀល និងសម្រាប់គ្រួសាររងដោយខ្យល់កន្រ្តាក់ចំនួន៣គ្រួសារទៀត គឺ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម សារុង១ ភួយ១ មុង១ ក្រមា១ មី ១កេស ត្រីខ ១០កំប៉ុង តង់១ និងថវិកា ៥០.០០០ រៀល។

នៅក្នុងឱកាសផ្តល់អំណោយកាកបាទក្រហម ដល់គ្រួសាររងគ្រោះនាពេលនោះ ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្ដម  បានសម្តែងនូវការសោកស្ដាយ និងចូលរួមរម្លែកទុក្ខចំពោះគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរដែលបានសម្លាប់ទាំងម្តាយនិងកូនពីរនាក់ដោយក្តីរន្ធត់បំផុត និងចូលរួមសោកស្តាយនៃការបាត់បង់ និងខូចខាតផ្ទះសម្បែងរបស់បងប្អូនចំនួន៣គ្រួសារទៀតដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់កាលពេលកន្លងទៅ និងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចេះថែទាំសុខភាព ប្រកាន់យកគោលការណ៍ រស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ពិសេសសូមជួយមើលថែទាំក្មេងៗ និងចាស់ជរាឱ្យបានល្អ៕