ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាសភាពិភពលោកលើកទី៣ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព


(បាលី, ឥណ្ឌូនេស៊ី)៖ កាលពីថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមវេទិកាសភាពិភពលោកលើកទី៣ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងវិសមភាពតាមរយៈបរិយាប័ន្នសង្គមនិងហិរញ្ញវត្ថុ» នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមាន អ្នកចូលរួមសរុបប្រមាណ២០០នាក់ មកពី២៩ប្រទេស និង ៨ អង្គការអន្តរជាតិ។

វេទិកានេះបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣៖

(១) លទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ឧស្សាហកម្មក្នុងការជំរុញឱកាសស្មើគ្នា ដោយផ្តោតលើតួនាទីនៃហេដ្ឋារចនាសម្ព័ន្ធនិង ឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដើម្បីលុបបំបាត់វិសមភាពនិងបង្កើតបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន

(២) ការធានាការទទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងប្រកបដោយអនាម័យ នៅតំបន់ជនបទ ដោយផ្តោតលើការស្វែងរកដំណោះស្រាយសម្រាប់ជនក្រីក្របំផុត និងជនដែលមិនត្រូវបានយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ និងផលិតភាពរបស់ពួកគេ

(៣) ការពង្រឹងភាពជាដៃគូលើ បរិយាប័ន្នហិរញ្ញវត្ថុ ដោយផ្តោតលើវិធីសាស្រ្តនិងមធ្យោបាយ ក្នុងការធានាបាននូវការបង្កើតសេវាហិរញ្ញវត្ថុមួយ ប្រកបដោយការទទួលខុសត្រូវ ភាពងាយស្រួលក្នុងការទទួលយក និងចីរភាព សម្រាប់ប្រជាជនគ្រប់រូប។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងបញ្ជាក់ពីជំហ និងការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងវិសមភាព ស្របតាមគោលដៅទី១០ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលផ្តោតលើការកាត់បន្ថយវិសមភាព។ ជាក់ស្តែង គំនិតផ្តួចផ្តើមចំនួន២របស់កម្ពុជា ត្រូវបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងការគាំពារសង្គម ដែលស្តែងចេញក្រោមរូបភាពជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងគោលនយោបាយគាំពារសង្គមឆ្នាំ២០១៦-២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្តល់នូវធាតុចូលក្នុងការពង្រឹងតួនាទីរបស់សភាក្នុងការកសាង គោលនយោបាយ និងក្របខ័ណ្ឌច្បាប់ ដើម្បីធានាបាននូវការអនុវត្តមួយប្រកបដោយប្រសិទ្ធភាពនិង ផ្តល់ផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋគ្រប់រូប៕