ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា របាយការណ៍របស់អង្គការទាំងពីរជារបាយការណ៍អត្តនោម័តមិនឆ្លុះបញ្ចាំងអំពីស្ថានភាពទូទៅនៃឥណទានរបស់មីក្រូហិរញ្ញវត្ថុឡើយ


ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនឲ្យតម្លៃ និងមិនអាចយកជាការបានឡើយ ចំពោះរបាយការណ៍ របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស អង្គការលីកាដូ និងសមាគមធាងត្នោត ដែលបានស្រាវជ្រាវរកឃើញថា មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្ស ។

លីកាដូ និងសមាគមធាងត្នោត បានធ្វើការសិក្សា ស្រាវជ្រាវ លើការរំលោភបំពាន សិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដោយរកឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជាង២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ របាយការណ៍របស់អង្គការទាំង២ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ រកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយ កម្រិត នៃបំណុលរបស់ពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឲ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមាន៖ ការបង្ខំឲ្យលក់ដី , ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ , ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុលជាដើម ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី “កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ” នៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងពីជំនួបជាមួយអង្គការលីកាដូ និងធាងធ្នោត កាលពីថ្ងៃ៤ កញ្ញា។ ក្នុងនោះ ឯកឧត្តម ថា របាយការណ៍របស់អង្គការទាំងពីរជារបាយការណ៍អត្តនោម័តមិនឆ្លុះបញ្ចាំងអំពីស្ថានភាពទូទៅនៃឥណទានរបស់មីក្រូហិរញ្ញវត្ថុឡើយ។

លោកបានហៅរបាយការណ៍របស់អង្គការទាំងពីរ ជារបាយការណ៍មាននិន្នាការនយោបាយដែលមិនអាចយកមកប្រើប្រាស់ជាមូលដ្ឋាន នៃការគិត និងផ្សំជាធាតុចូលជាមួយរាជរដ្ឋាបាលបាន។

លោកអ្នកនាំពាក្យបញ្ជាក់ថា “រាជរដ្ឋាភិបាលមិនឲ្យតម្លៃទៅលើរបាយការណ៍នេះទេ យើងមិនយករបាយការណ៍នេះទេ គឺគ្រាន់តែជាការបញ្ចេញយោបល់តែប៉ុណ្ណោះ មិនមែនជាមូលដ្ឋានគ្រឹះ នៃការផ្តល់ធាតុចូលក្នុងកិច្ចការរដ្ឋបាលទេ” ។

ឯកឧត្តម ផៃ ស៊ីផាន ឲ្យដឹងទៀតថា ទោះជាការប្រើប្រាស់របាយការណ៍នេះទូលំទូលាយដើម្បីបម្រើដល់អតីតអ្នកនយោបាយនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែទាំងអស់នេះគឺជាព័ត៌មានប្រឌិតប៉ុណ្ណោះ។

បន្ថែមពីលើនេះ ឯកឧត្តមថា កន្លងមកកាលពីមុនបោះឆ្នោតថ្នាក់ជាតិអាណត្តិមុនៗ ក៏មានអ្នកនយោបាយមួយចំនួន ផ្សព្វផ្សាយពីគោលនយោបាយលុបបំបាត់ បំណុលរបស់ប្រជាពលរដ្ឋ ដែលជំពាក់ប្រាក់ធនាគារផងដែរ ប៉ុន្តែការផ្សព្វផ្សាយនេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើការលុបបំបាតចោល។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញប្រជាពលរដ្ឋទាំងអស់មានរបស់ និងមុខរបរ ពាក់ព័ន្ធនឹងការប្រើប្រាសឥណទាន។

លោកអះអាងថា ការទទួលបានឥណទាននៃប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ មកពីស្ថានប័នឯកជនទេ មិនមែនរបស់រដ្ឋឡើយ៕