អាជ្ញាធរ នឹងស្ថាបនាផ្លូវបេតុង៤ខ្សែ ស្ដារ និងដាក់ប្រព័ន្ធលូ៣ខ្សែ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលចំណាយថវិកាជាង ៦ម៉ឺនដុល្លារ


ផ្លូវបេតុងឆ្អឹងដែក២ខ្សែ, ផ្លូវបេតុងអាមេ២ខ្សែ, ដាក់ប្រព័ន្ធលូ២ខ្សែ និងស្ដារលូ១ខ្សែទៀត ដែលរងការខូចខាតនូវមួយអន្លើ ស្ថិតក្នុងភូមិក្រោលគោ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមបើកការដ្ឋានស្ថាបនាជួសជុលឡើងវិញហើយ អស់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ចំនួន៦៤,៩៩៦ដុល្លារ ក្រោមអធិបតីភាពឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម ជា ពិសី បានលើកឡើងថា សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍស្ទើរគ្រប់សង្កាត់ ក្នុងមួយឆ្នាំៗ មានទាំងការស្ថាបនា ផ្លូវបេតុង, លូរំដោះទឹកខ្វាត់ខ្វែង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលសង្កាត់-ខណ្ឌ ដើម្បីបញ្ជៀសនូវរាល់ការលិចលង់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខណ្ឌបន្តថា ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ចំនួន៦៤,៩៩៦ដុល្លារ និងត្រូវយកមកបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក២ខ្សែ, ផ្លូវបេតុងអាមេ២ខ្សែ, ដាក់ប្រព័ន្ធលូ២ខ្សែ, និងស្ដារលូ១ខ្សែទៀត ចាប់ពីពេលនេះតទៅ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញនូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងអាគារខ្ពស់ៗ, ស្ពាន, ផ្លូវជាតិ, ស្ពានអាកាស និងស្ពានឆ្លងទន្លេស្ទើរទូទាំងប្រទេស ដោយសារតែមានសន្តិភាពពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕