ពលរដ្ឋរស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ជិត៥ពាន់នាក់ ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ដែលបញ្ជូនក្រុមគ្រូពេទ្យមកព្យាបាលដោយឥតគិតថ្លៃ


(ព្រៃវែង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រមាណជិត៥០០នាក់ បានធ្វើដំណើរទៅកាន់ទឹកដីស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីធ្វើការងារមនុស្សធម៌ដូចសព្វដងដោយពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋ និងចែកជូនថ្នាំពេទ្យដោយមិនគិតថ្លៃ សម្រាប់ការងារមនុស្សធម៌នេះ ត្រូវបានប្រជាពលរដ្ឋជិត៥ពាន់នាក់ ក្នុងខេត្តត្បូងឃ្មុំនោះ មានការកោតស្ញប់ស្ញែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ហ៊ុន ម៉ានី។

ជាមួយនឹងការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញៗ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានីខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយ៉ាល បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីក្រុមការងារមនុស្សធម៌មួយនេះ ដោយក្នុងនោះ បានធ្វើឲ្យពួកគាត់ចំណេញពេលវេលាច្រើន ក្នុងការពិនិត្យជាពិសេសក្រុមការងារ បានមកពិនិត្យដល់ជណ្តើរផ្ទះរបស់គាត់ និងថែមទាំងបានជួបវេជ្ជបណ្ឌិតជំនាញៗ ឯកទេសទៅតាមជំងឺផ្សេងៗគ្នាផងដែរ។ ម្យ៉ាងវិញទៀត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំណេញថវិកាច្រើន ដោយមិនចាំបង់ថ្លៃ ហើយថែមទាំងបានទទួលអំណោយជាថ្នាំពេទ្យទៀតផង។

ក្រោមការដឹកនាំផ្ទាល់ពី លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងដំណើរចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន៤,៧៨៩នាក់ (បួនពាន់ប្រាំពីររយប៉ែត្រសិបប្រាំបួននាក់) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ធ្វើឲ្យប្រជាពលរដ្ឋជាង៥ពាន់នាក់ បានសរសើរមិនដាច់ពីមាត់ ដោយមានក្រុមគ្រូពេទ្យជំនាញៗ និងជាពិសេស គឺមានវេជ្ជបណ្ឌិតជំនាញ ដែលបានសិក្សាមកពីក្រៅប្រទេសមកពិនិត្យជំងឺ ជូនពួកគាត់មិនខ្លាចពីភាពនឿយហត់ មិនតែប៉ុណ្ណោះពួកគាត់ថែមទាំងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន មកជួយបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ទាំងរាជធានី និងខេត្ត ក្រោមទិសដៅតែមួយគឺ «ខ្មែរស្រឡាញ់ខ្មែរ»។

ទន្ទឹមគ្នានោះផងដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដោយលោកបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។

សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍ (វិភាគឈាម)…។ល។

ប្រជាពលរដ្ឋម្នាក់រស់នៅ នៅស្រុកព្រះសេ្តច ខេត្តព្រៃវែង បានលើកឡើងថា រូបគាត់ពិតជាសប្បាយចិត្តពន់ពេក ដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះមកពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជាអំណោយថ្នាំពេទ្យដោយមិនគិតថ្លៃទៀត នេះជារឿងដ៏ល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់រួមទាំងរូបខ្ញុំផ្ទាល់ផងដែរ។

រូបគាត់បន្តទៀតថា «ខ្ញុំសូមសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដោយម្នាក់ៗសុទ្ធតែមានជំនាញច្បាស់លាស់ រួមនឹងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយអាចឆាប់រកមុខជំងឺរបស់ខ្ញុំបានលឿនទៀតផង។ ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យទាំងអស់ឧស្សាហ៍ចុះមកបន្តិច ព្រោះការដែលគាត់ចុះមកនេះ គឺចំណេញខ្លាំងណាស់ដល់ពលរដ្ឋ និងខ្ញុំ ដោយមិនអស់លុយ និងចំណេញពេលវេលាថែមទៀត»។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ២៦១នាក់, ជំងឺស្រ្តី៣០១នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឫសដូងបាត១៩៦នាក់, ជំងឺសន្លាក់ឆ្អឹង៨៧នាក់, ជំងឺរលាកសួត៧៥នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩២នាក់, ជំងឺភ្នែក៨២នាក់, ជំងឺសើរស្បែក១០៧នាក់, ជំងឺទឹកនោមផ្អែ២៨៤នាក់, ជំងឺមាត់ធ្មេញ១៧៣នាក់, អេកូសាស្ត្រ១៧៦នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៩០នាក់, វាស់ចង្វាក់បេះដូង៩៨នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់១៧២នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍៣៧៤នាក់, ព្យាបាលរបួសនិងវះកាត់តូច៨៤នាក់ និងជំងឺទូទៅ២,០៩៧នាក់៕